Samsung អាចជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុនយក្សមួយនេះនៅពេលបង្កើតឡើងឡើងដំបូងមិនជាប់ទាក់ទងនឹងបច្ចេកវិទ្យានោះទ។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពីដំណើររបស់ក្រុមហ៊ុនពីការចាប់ផ្តើមដ៏រាបទាប រហូតដល់ក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោក។
Samsung ដែលមានន័យថា ផ្កាយ៣ នៅក្នុងភាសាកូរ៉េ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៨ ដោយលោក Byung-Chull Lee ដែលជំនាន់នោះក្រុមហ៊ុនមានឈ្មោះថា Samsung Sanghoe។ ក្រុមហ៊ុននេះបានចាប់ផ្ដើមជាក្រុមហ៊ុនដែលស្ថិតនៅទីក្រុង Daegu នៃប្រទេសកូរ៉េខាងត្បូង ដែលបាននាំចេញត្រីងៀត (ត្រីនៅក្នុងតំបន់) បន្លែ និងផ្លែឈើក្នុងស្រុកទៅកាន់ទីក្រុង Manchuria និង Beijing។

លោក Lee បានចាប់ផ្ដើមអាជីវកម្មជាមួយទឹកប្រាក់ចំនួន ៣០.០០០ វ៉ុនដែលស្មើនឹង ២៥ ដុល្លារសព្វថ្ងៃ ហើយក្រុមហ៊ុនបានពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយមានរោងម៉ាស៊ីផលិតម្សៅ និងម៉ាស៊ីនកិនសាច់ ក៏ដូចជាប្រតិបត្តិការផលិត និងលក់របស់ខ្លួនក្នុងរយៈពេលតែជាងមួយទសវត្សរ៍ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៥១ លោក Lee បានបង្កើតក្រុមហ៊ុន Samsung Moolsan (ជា Samsung Corporation ក្នុងពេលបច្ចុប្បន្ន)។

បន្ទាប់មកក្នុងរយៈពេលពីរបីទស្សវត្សរ៍ទៀតក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនបានកើតមានរួមទាំងក្រុមហ៊ុន Samsung Fire & Marine Insurance ក្រុមហ៊ុន Samsung Life Insurance និង Samsung Everland។ ហើយនៅក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុន Samsung-Sanyo Electronics (ដែលក្រោយមកបានក្លាយជា Samsung Electronics ដែលយើងស្គាល់សព្វថ្ងៃ) ត្រូវបានបង្កើតឡើង។ ដោយផលិតផលដំបូងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធគឺទូរទស្សន៍ ស-ខ្មៅ (model: P-3202) ដែលផលិតនៅក្នុងឆ្នាំ១៩៧០ ហើយដាក់លក់ពីរ ទៅបីឆ្នាំក្រោយនៅប្រទេសកូរ៉េ។

នៅឆ្នាំ១៩៧៦ ក្រុមហ៊ុននេះបានផលិតទូរទស្សន៍ ស-ខ្មៅ បានដល់ទៅ ១ លានគ្រឿង ដោយចំនួននេះកើនឡើងបួនដងក្នុងរយៈពេលពីរបីឆ្នាំក្រោយមកទៀត ហើយជាចំនួនច្រើនបំផុតជាងក្រុមហ៊ុនផ្សេងៗនលើពិភពលោក។ ជាមួយគ្នានោះ Samsung Electronics ក៏បានចាប់ផ្តើមផលិតទូរទស្សន៍ពណ៌ (color) ម៉ាស៊ីនបោកគក់ ទូរទឹកកក និងចង្ក្រានមីក្រូវ៉េវ ក៏ដូចជាបានចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ១៩៧០ ។ នៅក្នុងស្សវត្សនោះក្រុមហ៊ុន Samsung ទទួលបានភាគហ៊ុនភាគច្រើននៅក្នុង Korea Semiconductor ដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Samsung Semiconductor។

ក្រោយមកនៅក្នុងទសវត្ស ១៩៨០ ក្រុមហ៊ុន Samsung Electronics បានទទួលជោគជ័យជាច្រើនរួមមានការធ្វើអាជីវកម្មផលិតកម្ម AC ផលិតទូរទស្សន៍ពណ៌បានចំនួន ២០ លានគ្រឿង និងនាំចេញ មីក្រូវ៉េវ ចង្រ្កាន និង VCRs ទៅកាណាដានិងអាមេរិក។ នៅឆ្នាំ១៩៨៥ ក្រុមហ៊ុនបុត្រសម្ព័ន្ធបានផលិតទូរស័ព្ទដំបូងរបស់ខ្លួនដែលមានឈ្មោះថា SC-1000 ទោះបីជាវាត្រូវបានផលិតឡើងសម្រាប់តែការប្រើប្រាស់ក្នុងរថយន្ត។

ទូរស័ព្ទនេះត្រូវបានគេរាយការណ៍ថា មិនទទលបានជោគជ័យទេ ដោយសារបញ្ហាគុណភាព ប៉ុន្តែទោះជាយ៉ាងណាក្ដីវាមិនបានបញ្ឈប់ក្រុមហ៊ុនពីការផលិតទូរស័ព្ទដៃដំបូងបង្អស់របស់ខ្លួនទេ ដោយក្រុមហ៊ុនបានផលិតមួយម៉ូឌែលទៀតគឺ SH-100 ដែលបានដាក់លក់នៅឆ្នាំ ១៩៨៨ ហើយជាលទ្ធផលក៏មិនទទួលបានជោកជ័យដែរ។ ក្នុងទសវត្សនោះផងដែរ ក៏ជាពេលដែលក្រុមហ៊ុនបុត្រសម្ព័ន្ធបានចាប់ផ្តើមផលិតកុំព្យូទ័រផ្ទាល់ខ្លួន និងបង្កើតឧបករណ៍ថតខ្សែអាត់វីដេអូ ដែលមានទំហំតូចបំផុត និងតូចជាងគេបំផុតលើលោក។ ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយចំនួនរួមមាន Samsung BP Chemicals, Samsung Semiconductor & ទូរគមនាគមន៍វិទ្យាស្ថាន បច្ចេកវិទ្យា Samsung និងប្រព័ន្ធទិន្នន័យ Samsung ក៏ត្រូវបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំនេះដែរ។

យ៉ាងណាមិញបន្ទាប់ពីក្រុមហ៊ុនបានដំណើរការអស់ជាច្រើនទសវត្ស ជាអកុសលស្ថាបនិក Lee បានទទួលមរណភាពដោយសារជំងឺមហារីកសួតក្នុងឆ្នាំ ១៩៨៧។ ហើយក្រោយមកត្រូវបានគ្រប់គ្រងដោយកូនប្រុសពៅរបស់គាត់ជំនួសវិញ ខណៈដែលស្ថាបនិករូបនេះមានកូនស្រី ១ និងប្រុស ៣ នាក់នៅក្នុងគ្រួសារ។ ចាប់តាំងពីពេលនោះមកក្រោមការគ្រប់គ្រងរបស់កូនប្រុសរបស់លោក Lee ក្រុមហ៊ុន Samsung ឈានទៅមុខជាលំដាប់ ដោយទទួលបានពង្រីកស្ទើរគ្រប់ផ្នែកនៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើទទូរស័ព្ទចល័តរបស់ខ្លួន រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មទូរស័ព្ទចល័តលើពិភពលោក៕



អត្ថបទ៖ លីនី
ប្រភព៖ gsmarena


