ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បាននិយាយថាខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ៩១៥ លានដុល្លារនៅក្នុងត្រីមាសទី២ បើធៀបនឹងប្រាក់ចំណូល ៧៤១ លានដុល្លារកាលពីឆ្នាំមុន ហើយបានព្រមានថាតម្រូវការធ្វើដំណើរទំនងជានៅតែធ្លាក់ចុះ រហូតដល់មានវ៉ាក់សាំងឬ ការព្យាបាលសម្រាប់ជំងឺនេះ។
ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលីថ្ងៃទី ២៣ ថាតម្រូវការបានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បាននិយាយដែរថា ការកើនឡើងនូវករណី Covid-19 គួបផ្សំនឹងការរឹតត្បិតការធ្វើដំណើរនៅក្នុងរដ្ឋដូចជា New York បានធ្វើឱ្យប៉ះពាល់ដល់ការលក់សំបុត្រ ដែលចាប់ផ្តើមងើបឡើងវិញនៅចុងនិទាឃរដូវ។ Southwest បានប៉ាន់ស្មានថា នៅត្រីមាសទី៣ ក្រុមហ៊ុនរបស់ខ្លួននឹងធ្លាក់ចុះចន្លោះពី ២០% ទៅ ៣០% បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលបានធ្លាក់ចុះជិត ៨៣% មកនៅត្រឹមជាង ១ ពាន់លានដុល្លារពី ៥.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីការលក់នៅត្រីមាសនេះខ្ពស់ជាងការព្យាករន៍របស់ក្រុមអ្នកវិភាគក៏ដោយ។ Southwest បានបន្ថែមថា « យើងត្រូវបានលើកទឹកចិត្ត ដោយការធ្វើឱ្យប្រសើរឡើងនៅក្នុងនិន្នាការចរាចរណ៍អ្នកដំណើរកម្សាន្តនៅខែឧសភា និងមិថុនា បើប្រៀបធៀបជាមួយខែមីនា និងមេសា។ ទោះជាយ៉ាងណា និន្នាការកើនឡើងនៃប្រាក់ចំណូល និងការកក់បានជាប់គាំងក្នុងខែកក្កដា ជាមួយនឹងការកើនឡើងនៃករណីជំងឺរាតត្បាត »។ « យើងរំពឹងថាតម្រូវការការធ្វើដំណើរតាមផ្លូវអាកាសនៅតែធ្លាក់ចុះ រហូតដល់មានវ៉ាក់សាំង ឬវិធីព្យាបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនិងការរីករាលដាលនៃជំងឺ »៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc


