ប្រទេសវៀតណាមនឹងផ្អាកការនាំចូលសត្វព្រៃ ដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc កាលពីថ្ងៃទី២៣ ខែកក្កដានេះ បានចេញសារាចរស្ដីពីវិធានការជាបន្ទាន់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសត្វព្រៃ។ បទបញ្ជានេះសង្កត់ធ្ងន់លើទស្សនៈថេររបស់ វៀតណាមលើការរឹតបន្តឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិស្តីពីសត្វព្រៃដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាមួយអន្តរជាតិរបស់ខ្លួន។
ស្របតាមជំហរនាយករដ្ឋមន្រ្តីបញ្ជាឱ្យផ្អាកការនាំចូលសត្វព្រៃដែលងាប់ ឬ រស់ ពងសត្វ កូនដែលទើបនឹងញាស់ ផ្នែកផ្សេងៗនៃសត្វទាំងនោះសម្រាប់កែច្នៃជាវត្ថុមានតម្លៃផ្សេងៗ (លើកលែងតែសត្វទឹកប្រើសម្រាប់ផលិតកម្មនិងកែច្នៃចំណីអាហារ និងចំណីសត្វ ដូចមានចែងក្នុងបទប្បញ្ញត្តិច្បាប់ នៃសត្វព្រៃកែច្នៃដែលត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់ផលិតថ្នាំ ឬ ផលិតផលចុងក្រោយ) រហូតដល់មានការណែនាំថ្មី។

ដោយឡែកចំពោះសត្វព្រៃ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ CITES បរទេស ដើម្បីនាំចេញទៅប្រទេសវៀតណាម ភ្នាក់ងារគយនៅច្រកព្រំដែនត្រូវតែតម្រូវឲ្យបញ្ជូនសត្វព្រៃត្រឡប់ទៅកន្លែងនាំចេញវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួងនានាពិនិត្យមើលឡើងវិញនូវឯកសារស្របច្បាប់ក្នុងគោលបំណងធ្វើវិសោធនកម្ម និងបំពេញបន្ថែមការដាក់ទណ្ឌកម្មលើទង្វើនៃការប្រើប្រាស់សត្វព្រៃខុសច្បាប់។

ជាមួយគ្នានេះមូលដ្ឋាននានា ត្រូវលុបបំបាត់ទីផ្សារសត្វព្រៃ ឬ ទីតាំងជួញដូរ រក្សាការគ្រប់គ្រង និងចាត់ចែងឱ្យបានម៉ឺងម៉ាត់នូវការប្រម៉ាញ់ខុសច្បាប់ ការទិញលក់ ការដឹកជញ្ជូន ការសម្លាប់សត្វ ការរក្សាទុក ការផ្សាយពាណិជ្ជកម្ មនិងការរំលោភបំពានសត្វព្រៃជាពិសេសសត្វបក្សី និងសត្វល្មូននៅក្នុងបរិស្ថានធម្មជាតិ។ ក្រៅពីនេះនាយករដ្ឋមន្រ្តីបានណែនាំក្រសួងនិងអាជ្ញាធរដែនដី បង្កើនការត្រួតពិនិត្យលើការចិញ្ចឹមសត្វ និងបង្កើនការប្រយុទ្ធប្រឆាំងនឹងការបំពានបទប្បញ្ញត្តិទាក់ទងនឹងសត្វព្រៃផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


