យីហោកាហ្វេ starbuck កំពុងចាប់ដៃគ្នាជាមួយក្រមហ៊ុនយក្សចិន Alibaba លើប្រព័ន្ធបញ្ជាទិញ និងបង់លុយតាមកម្មវិធីចំនួន ៤ លើទូរស័ព្ទដៃ
អាជីវកម្ម July 22, 2020 Chan Sreyny

បន្ទាប់ពីការវាយប្រហាររបស់វីរុស Covid-19 បានធ្វើឲ្យប្រជាជនជាច្រើនផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅជាពិសេសទៅលើការបញ្ជាទិញ យីហោកាហ្វេយក្ស starbuck បានកំពុងណែនាំប្រព័ន្ធបញ្ជាទិញ និងបង់លុយតាមទូរស័ព្ទនៅក្នុងទីផ្សារចិនដីគោក។ យោងតាមសារព័ត៌មាន Retail News Asia បានឲ្យដឹងថា starbuck បានកំពុងចាប់ដៃគ្នាជាមួយក្រមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba ដែលបង្កើតឡើងដោយមហាសេដ្ឋី Jack Ma។

សេវាកម្មថ្មីរបស់ស្ដេចកាហ្វេមួយនេះមានឈ្មោះថា “Fei Kuai” ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលក្ខណៈពិសេសនៅលើវេទិកាចំនួន ៤ របស់ Alibaba រួមមាន Taobao, Amap, Koubei, និង Alipay។ សេវាកម្មថ្មីនេះត្រូវបានគេឲ្យដឹងថា អតិថិជនរបស់ Starbucks អាចប្រើដើម្បីបញ្ជាទិញ និងបង់ថ្លៃភេសជ្ជៈរួមទាំងអាហារតាមអ៉ីនធឺណេតដោយផ្តល់នូវភាពងាយស្រួលមិនថានៅផ្ទះ ឬ ធ្វើដំណើរឡើយ មុនពេលទៅយកនៅតាមហាងក្នុងតំបន់។

អនុប្រធានរបស់ Alibaba Group លោក Toby Xu បានមានប្រសាសន៍ថា ជំងឺរាតត្បាត Covid-19 បានបង្ហាញពីសារៈសំខាន់នៃការធ្វើឌីជីថលដែលជាមូលដ្ឋានគ្រឹះនៃយីហោដែលទទួលបានជោគជ័យនៅក្នុងប្រទេសចិន។ Alibaba បានប្តេជ្ញាចិត្តដើម្បីជំរុញកម្លាំងឌីជីថលរបស់អាជីវកម្មតាមរយៈ ABOS។

តាមរយៈភាពជាដៃគូនេះ Alibaba នឹងបន្តគាំទ្រដល់ Starbucks ក្នុងការពង្រីកការផ្តល់សេវាឌីជីថលរបស់ខ្លួន នៅទូទាំងប្រទេសចិន ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដែលមានការវិវត្ត និងបង្កើតតម្លៃរយៈពេលវែង។ ខណៈ Starbucks បានសហការជាមួយក្រុមហ៊ុន Alibaba តាំងពីឆ្នាំ២០១៨ ដោយបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Ele.me ក្នុងការចែកចាយភេសជ្ជៈដល់ផ្ទះ៕

អត្ថបទ៖ លីនី
ប្រភព៖ retailnews