ក្រុមហ៊ុន 3M បានយល់ព្រមនាំចូលម៉ាស់ការពាររាប់លានម៉ាស់ សម្រាប់បុគ្គលិកថែទាំសុខភាពនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានជម្លោះជាមួយរដ្ឋបាល Trump អំពីកង្វះខាតនៃម៉ាស់ នេះបើយោងតាម ប្រធានាធិបតី Donald Trump និងក្រុមហ៊ុន 3M បាននិយាយកាលពីថ្ងៃទី ១៣ កន្លងទៅ។
ក្រុមហ៊ុន 3M ដែលមានមូលដ្ឋាននៅរដ្ឋ Minnesota បាននិយាយថា ខ្លួននឹងនាំចូលម៉ាស់ចំនួន ១៦៦.៥ លាន ក្នុងរយៈពេល ៣ ខែទៀតដែលភាគច្រើនមកពីរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន។ កាលពីសប្តាហ៍មុនលោក Trump បានអំពាវនាវឱ្យមានច្បាប់ស្តីពី ផលិតកម្មការពារជាតិទាក់ទងទៅនឹងក្រុមហ៊ុន 3M ដោយនិយាយថា គាត់មិនសប្បាយចិត្តនឹងការប្រគល់ម៉ាស់ N95 របស់ក្រុមហ៊ុនទៅឱ្យបុគ្គលិកថែទាំសុខភាពសហរដ្ឋអាមេរិក ដែលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះទេ។

ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃទី ១៣ លោក Trump បាននិយាយថា លោកបានដោះស្រាយរឿងរ៉ាវជាមួយក្រុមហ៊ុនផលិតដ៏ធំមួយនេះ បន្ទាប់ពីបាននិយាយជាមួយនាយកប្រតិបត្តិ 3M លោក Michael Roman ។ « យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលជាកិច្ចព្រមព្រៀងមានភាពស្រុះស្រួលគ្នាជាមួយ 3M សម្រាប់ការផ្តល់ម៉ាស់ ដែលមានគុណភាពខ្ពស់ចំនួន ៥៥.៥ លានបន្ថែមទៀតក្នុងមួយខែ ដូច្នេះយើងនឹងទទួលបានម៉ាស់ក្នុងរយៈពេល ២ ខែទៀតចំនួន ១៦៦.៥ លាន សម្រាប់បុគ្គលិកថែទាំសុខភាពជួរមុខ។

ទន្ទឹមនឹងនេះ 3M បានផលិតម៉ាស់ N95 ចំនួន ៣៥ លានក្នុងមួយខែនៅសហរដ្ឋអាមេរិក ដែលភាគច្រើនសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែមន្ទីរពេទ្យនៅតែខ្វះខាតម៉ាស់ការពារ។ ក្រុមហ៊ុន 3M បាននិយាយថា ខ្លួននាំចេញសមាមាត្រតិចតួចនៃផលិតកម្មរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកាណាដា និងអាមេរិកឡាទីន។ គួញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុនបាននិយាយថា រដ្ឋបាល Trump បានស្នើសុំឱ្យបញ្ឈប់ការនាំចេញទាំងនោះ ដើម្បីធ្វើម៉ាស់បន្ថែមទៀតសម្រាប់ការប្រើប្រាស់នៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


