យោងតាមផេកហ្វេសប៊ុករបស់ទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម CP ALL ប្រទេសថៃ គ្រោងនាំយកហាងកាហ្វេល្បីម៉ាក Bellinee’s ទៅកាន់ទីផ្សារកម្ពុជានាដើមឆ្នាំក្រោយ បន្ទាប់ពីបានសម្លឹងឃើញកត្តារីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពស៊ីវិល័យរបស់ប្រជាជន និងបរិយាកាសអំណោយផលសម្រាប់អាជីវកម្មហ្វ្រេនឆាយកាហ្វេ នៅក្នុងប្រទេសកម្ពុជា។
គម្រោងខាងលើត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ឆារ៉ាត់ លីគីតគុនណាវង្ស (Charahts Likitkunawong) ទីប្រឹក្សាអគ្គនាយកក្រុមហ៊ុន CP ALL កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានទូតកម្ពុជា នាទីក្រុងបាងកក។

នៅក្នុងជំនួប ឯកឧត្តម អ៊ូក សោភ័ណ បានសម្តែងការស្វាគមន៍ និងបានស្នើលោក ឆារ៉ាត់ លីគិតគុនណាវង្ស សិក្សាអំពីគោលដៅទីផ្សារ ដៃគូប្រកួតប្រជែង និងទីតាំងដែលមានភាពងាយស្រួលសម្រាប់អតិថិជន។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនលោក ឆារ៉ាត់ លីគិតគុនណាវង្ស អំពីយុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ និងការបណ្តាក់ទុនពីបរទេស តាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចបែបទំនើប។

ជាការឆ្លើយតប លោក ឆារ៉ាត់ លីគីតគុនណាវង្ស បានថ្លែងអំណរគុណ ឯកឧត្តម អ៊ូក សោភ័ណ ដែលតែងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន CP ALL និងតែងចែករំលែកនូវព័ត៌មានល្អៗ អំពីគោលនយោបាយវិនិយោគ កាលានុវត្តភាពធុរកិច្ច ការធ្វើយុទ្ធសាស្ត្រទីផ្សារ និងបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ Royal Embassy of Cambodia in Bangkok


