យីហោដ៏ល្បីបំផុតរបស់អាមេរិក Starbucks ជាក្រុមហ៊ុនដំបូងបំផុតនៅក្នុងប្រទេស ដែលតម្រូវឱ្យអតិថិជនពាក់ម៉ាស់នៅក្នុងហាងរបស់ខ្លួន
អាជីវកម្ម July 10, 2020 Chan Sreyny

យីហោដ៏ល្បីបំផុតរបស់អាមេរិក Starbucks ជាក្រុមហ៊ុនដំបូងបំផុតនៅក្នុងប្រទេស ដែលតម្រូវឱ្យអតិថិជនពាក់ម៉ាស់នៅក្នុងហាងរបស់ខ្លួន។ ក្រុមហ៊ុនកាហ្វេរយក្សមួយនេះ បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួននឹងតម្រូវឱ្យអតិថិជនពាក់ម៉ាស់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

លោក Reggie Borges បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ថា « ពួកយើងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងបន្ត ក្នុងការផ្តល់ការគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់ដៃគូ (និយោជិក) និងអតិថិជនដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា យើងនឹងតម្រូវឱ្យអតិថិជនពាក់ម៉ាស់ នៅពេលដែលចូលមកក្នុងទីតាំងហាងកាហ្វេទាំងអស់នៅអាមេរិក » ។ បុគ្គលិករបស់ Starbucks ត្រូវបានណែនាំឱ្យបដិសេធមិនផ្ដល់សេវាកម្ម ដល់អតិថិជនដែលមិនពាក់ម៉ាស ផ្ទុយទៅវិញត្រូវស្នើសុំឱ្យអតិថិជនពាក់ម៉ាស ឬណែនាំឱ្យប្រើសេវាកម្ម drive-thru ។

ក្នុងករណីដែលអតិថិជនប្រឆាំងមិនព្រមពាក់ម៉ាស់ និយោជិករបស់ Starbucks ត្រូវបានឱ្យធ្វើតាមច្បាប់របស់ក្រុមហ៊ុនដែរបានណែនាំ។ គួរបញ្ជាក់ផងដែរថា បុគ្គលិករបស់ Starbucks នៅទូទាំងសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការយាយីពីអតិថិជន ដែលប្រឆាំងនឹងការពាក់ម៉ាស់កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider