ក្រុមហ៊ុន Levi Strauss & Co កាលពីពេលថ្មីៗនេះបានព្រមានថា អាជីវកម្មរបស់ខ្លួននឹងរងផលប៉ះពាល់ក្នុងឆមាសទី១ នៃឆ្នាំនេះ បើទោះបីជាការលក់នៅតាមបណ្ដាហាងដែលបានបើកដំណើរការឡើងវិញ បន្ទាប់ពីមានការបិទប្រទេសដែលបានកំណត់ដោយរដ្ឋាភិបាល មានភាពប្រសើរក៏ដោយ។
ម្ចាស់ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ៧០០ កន្លែង ឬប្រហែល ១៥% នៃបុគ្គលិកសរុបរបស់ខ្លួននៅក្នុងផ្នែកមួយចំនួន។ ប៉ុន្តែចំពោះផ្នែកលក់រាយ និងផ្នែកផលិតមិនត្រូវបានកាត់បន្ថយនោះទេ ដោយសារតែផ្នែកទាំងពីរនេះបានជួយឱ្យក្រុមហ៊ុនសន្សំបានរហូតដល់ ១០០ លានដុល្លារជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ នៅក្នុងរយៈពេលនៃការបិទហាងបណ្ដោះអាសន្នក្រុមហ៊ុន Levi’s ក៏បានណែនាំទៅកាន់តំណាងចែកចាយរបស់ខ្លួន ឱ្យលក់ផលិតផលនៅតាមប្រព័ន្ធអ៉ីនធឺណេតដែលមានឈ្មោះថា Curbside Pickup ខណៈពេលដែលអតិថិជនងាកមករកការទិញឥវ៉ាន់នៅតាមប្រព័ន្ធអ៉ីនធឺណេត។ តាមរបាយការណ៍របស់ក្រុមហ៊ុន បានឱ្យដឹងថាការលក់តាមប្រព័ន្ធអ៉ីនធឺណេតនៅក្នុងត្រីមាសទី២ នេះមានការកើនឡើង ២៥% ជាមួយនឹងការកើនឡើងពីមួយខែទៅមួយខែជិត ៨០% គិតត្រឹមខែឧសភា ។

ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនក៏បានខាតបង់ភាគហ៊ុនប្រហែល ១/៤ នៃតម្លៃរបស់ពួកគេចាប់តាំងពីដើមឆ្នាំនេះ ដែលមានការធ្លាក់ចុះ ៤% នៅក្នុងការធ្វើពាណិជ្ជកម្ម។ ចំណែកឯ ប្រាក់ចំណូលនៅក្នុងត្រីមាសទី២ បានធ្លាក់ចុះ ៦២% ស្មើនឹង ៤៩៧.៥ លានដុល្លារ ដែលចំនួននេះលើសពីការរំពឹងទុករបស់អ្នកវិភាគដែលបានព្យាករណ៍ត្រឹមតែ ៤៨៥.៥ លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យរបស់ IBES ពីក្រុមហ៊ុន Resfinitiv ៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


