ក្រុមហ៊ុន Alibaba Cloud ប្រកាសពង្រីកអាជីវកម្មនៅអាស៊ីអាគ្នេយ៍ ដោយបោះទុននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន
អាជីវកម្ម July 3, 2020 Chan Sreyny

ក្រុមហ៊ុន Alibaba Cloud នៃក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន Alibaba កាលពីថ្ងៃទី២ ខែកក្កដាបានប្រកាសបង្កើតមជ្ឈមណ្ឌលទិន្នន័យទី៣ របស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី និងការបង្កើតសម្ព័ន្ធភាពប្រព័ន្ធអេកូឡូស៊ី Cloud នៅហ្វីលីពីន។ លោកស្រី Selina Yuan ប្រធានក្រុមហ៊ុន Alibaba Cloud Intelligence International បានមានប្រសាសន៍ថា ក្រុមហ៊ុន Alibaba Cloud បានក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ធំជាងគេនៅក្នុងទីផ្សារក្នុងតំបន់រួមមាន ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

ទន្ទឹមនឹងនេះដែរការពង្រីកអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន បានសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួនក្នុងប្រទេសនេះនៅក្នុងឆ្នាំ២០១៨ ដោយមជ្ឈមណ្ឌលទី២ នេះទៀតសោតត្រូវបានសាងសង់កាលពីឆ្នាំមុន។

បច្ចុប្បន្នក្រុមហ៊ុន Alibaba Cloud មានដៃគូក្នុងស្រុកជាង ២០ នាក់មកពីឧស្សាហកម្មផ្សេងៗគ្នាក្នុងប្រទេសហ្វីលីពីន ហើយគ្រោងនឹងជួយអាជីវកម្មក្នុងស្រុកចំនួន ៥០០០ អាជីកម្មក្នុងការធ្វើពង្រីកវិសាលភាពឌីជីថលរបស់ពួកគេ និងបណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុកចំនួន ៥ ម៉ឺននាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាពិភពលោក Gartner បានឱ្យដឹងថា ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានចំណែកទីផ្សារ ២៨.២% ក្នុងឆ្នាំ ២០១៩ កើនឡើង ២.២% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand