ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកអាមេរិក Tesla Motors បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃដល់ទៅ ២០៧ ពាន់លានដុល្លារវ៉ាដាច់ក្រុមហ៊ុន Toyota របស់ជប៉ុន។ បើតាមការចុផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបញ្ឈប់ការលក់ក្នុងកម្រិតខ្ពស់បំផុតគឺ ១,១១៩ ដុល្លារកាលពីថ្ងៃពុធ។
ជាមួយគ្នានេះតម្លៃបានកើនឡើង ៥ដង ក្នុងរយៈពេល ១២ខែ និងច្រើនជាង ២.៦ ដងចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ដោយនៅ wall Street ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៉ីនធឺណេត Amazon និង Streaming ធំៗ របស់ Netflix បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីពុធ។ ទន្ទឹមនឹងនេះភាគហ៊ុនរបស់ Tesla នៅលើផ្សារហ៊ុន Nasdaq ក៏បានឡើងដល់កម្រិតកំណត់ត្រាមួយផងដែរនៅថ្ងៃនោះ។

យ៉ាងណាមិញប្រភពព័ត៌មានពីទីផ្សារហ៊ុនមួយនេះបានឲ្យដឹងផងដែរថា ភាគហ៊ុនដែលទាក់ទងនឹងបច្ចេកវិទ្យា នៅតែមានភាពរឹងមាំដដែល ដោយមិនសូវរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុស Covid-19 នេះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ម្ចាស់ភាគហ៊ុនទាំងនោះនិយាយថា តម្លៃភាគហ៊ុនមិនស្ថិតស្ថេរនៅក្នុងវិស័យជាច្រើន ដោយសារតែការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគឆ្លងនៅសហរដ្ឋអាមេរិកដែលអាចកើតមានឡើងក្នុងរយៈពេលយូរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


