ទោះបីជាការរីករាលដាលនៃវីរុស Covid-19 បានប៉ះពាល់ខ្លាំងនៅក្នុងឧស្សាហកម្មលក់រាយ និងដាក់បន្ទុកទៅលើការលក់សម្លៀកបំពាក់ក៏ដោយ ក៏ទីផ្សារសម្លៀកបំពាក់ជជុះ ( secondhand clothing) ត្រូវបានគេរំពឹងថានឹងកើនឡើងដែរ។ ThredUp ដែលជាវេទិកាទិញ និងលក់សំលៀកបំពាក់ជជុះនៅលើអ៉ីនធឺណេតបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ទីផ្សារសម្លៀកជជុះនាពេលបច្ចុប្បន្នមានតម្លៃប្រហែល ២៨ ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៦៤ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ទីផ្សារលក់បន្តនូវទំនិញដែលប្រើរួចបានកើនឡើង ២៥ដង លឿនជាងទីផ្សារលក់រាយទាំងមូលកាលពីឆ្នាំមុនដោយមានប្រជាជនប្រមាណ ៦៤ លាននាក់ទិញផលិតផលជជុះក្នុងឆ្នាំ២០១៩ ។ ជាមួយគ្នានេះលោក James Reinhart សហស្ថាបនិក និងជានាយកប្រតិបត្តិ ThredUp មានប្រសាសន៍ថា « ការលក់បន្តនូវទំនិញដែលប្រើរួចកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដូច្នេះសំណួរបន្ទាប់ គឺថាអ្នកណាឈ្នះហើយអ្នកណាចាញ់ »។ ខណៈលោកបានរៀបរាប់យ៉ាងដូច្នេះថា « មនុស្សវ័យក្មេងសម័យឥឡូវកាន់តែកាន់តែឆ្លាតជាងមុន អំពីរបៀបដែលខ្ជះខ្ជាយលុយកាក់របស់ពួកគេ ហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំព្យាយាមបញ្ចុះបញ្ចូលអ្នកលក់រាយឱ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ »។

ទោះបីជាយ៉ាងនេះក្ដីអ្នកជំនាញខ្លះបានព្រមានថា អតិថិជនអាចនឹងថយក្រោយពីការទិញទំនិញដែលបានប្រើនៅពេលពួកគេគិតអំពីវីរុស Covid-19 និងវិធីដែលវាអាចចម្លងរោគបាន។ អ្នកខ្លះបារម្ភថា វាអាចនឹងក្រៀមជាប់នៅលើក្រណាត់ ប៉ុន្តែយោងទៅតាមការអះអាងរបស់សហស្ថាបនិករូបនេះ ការភ័យខ្លាចមិនបង្ហាញនៅក្នុងទិន្នន័យទេ។ ហើយក្នុងពេលតែមួយជាមួយនឹងអត្រាគ្មានការងារធ្វើនៅអាមេរិកកើនឡើង អតិថិជនកាន់តែច្រើននឹងទិញទំនិញតាមលទ្ធភាពដែលពួកគេមាន។

ThredUp មានមូលដ្ឋាននៅ San Francisco ដោយមានទាំងគេហទំព័រ និងហាងពីរបី ដែលអតិថិជនអាចលក់របស់របរ និងទិញទំនិញលក់បន្តបាន។ ThredUp ហៅខ្លួនវាថាជា « ហាងលក់ទំនិញតាមអ៉ីនធឺណេតដ៏ធំបំផុតនៅលើពិភពលោក»។ ក្រុមហ៊ុននេះត្រូវបានអ្នកជំនាញ និងអ្នកវិភាគចា់អារម្មណ៍កាន់តែខ្លាំងឡើងៗ ដោយសារតែការចាប់ដៃគូជាមួយអ្នកលក់រាយធំៗរួមទាំង Macy’s, Walmart និង Gap ដែលជាទីពេញនិយមរបស់មនុស្សគ្រប់គ្នា។ យោងតាមរបាយការណ៍បានឱ្យដឹងថា ទំនិញជជុះត្រូវបានគេរំពឹងថានឹងមានចំនួន ១៧% នៃចំណែករបស់មនុស្សម្នាក់ៗក្នុងឆ្នាំ២០២៩ ពោលគឺកើនឡើងពី ៣% ក្នុងឆ្នាំ ២០០៩៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc


