ក្រុមហ៊ុន Korean Air កំពុងពិចារណាលក់យន្តហោះរបស់ខ្លួន ដើម្បីដោះស្រាយការជាប់គាំងផ្នែកហិរញ្ញវត្ថុដែលរកច្រកចេញមិនឃើញ
អាជីវកម្ម June 24, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Korean Air កំពុងពិចារណាលក់យន្តហោះរបស់ខ្លួន ដើម្បីយកប្រាក់មកទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន និងបន្តដង្ហើមរស់រាននៅក្នុងវិស័យអាកាសចរណ៍នេះបន្តទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businesskorea បានឲ្យដឹងថា ដោយសារវិបត្តិ Covid-19 ទំនងជាអូសបន្លាយពេលយូរទៀត ដូច្នេះក្រុមហ៊ុនអាកាសចរណ៍មួយនេះកំពុងស្វែងរកថវិកា ដើម្បីបន្ធូរបន្ថយទុក្ខលំបាកនៅក្នុងអាជីវកម្មដែលកំពុងធ្លាក់ចុះ។

យ៉ាងណាមិញដោយសារតែរោគរាតត្បាតនេះបានវាយប្រហារទៅលើក្រុមហ៊ុន និងអាជីវកម្មជាច្រើន មន្រ្តីមួយចំនួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ក្រុមហ៊ុនប្រហែលជាត្រូវពិចារណាលក់យន្តហោះរបស់ខ្លួនដើម្បីអាចបន្តប្រតិបត្តិទៅមុខទៀត។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Korean Air បានរៃអង្គាសប្រាក់ចំនួន ៣០០ ពាន់លានវ៉ុនតាមរយៈការចេញមូលបត្របំណុលដែលអាចប្តូរបាន (CBs) នៅថ្ងៃទី២២ ខែមិថុនា មុនពេលទទួលបានមូលនិធិគាំទ្រពីធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងធនាគារនីហរ័ណអាហរ័ណកូរ៉េ (KEXIM) ដោយក្នុងចំណោមទឹកប្រាក់ទាំងអស់ ទឹកប្រាក់ចំនួន ៩០ ពាន់លានវ៉ុននឹងត្រូវបានប្រើជាដើមទុន ដោយនៅសល់ប្រើដើម្បីសងបំណុល។

លើសពីនេះទៀតក្រុមហ៊ុន Korean Air នឹងរៃអង្គាសថវិកាតាមរយៈការបង្កើនដើមទុន (លក់ភាគហ៊ុន) ក្នុងចំនួន ១ ១៥៨.៧ ពាន់លានវ៉ុន ខណៈភាគហ៊ុនទាំងនេះនឹងត្រូវបានបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនដែលបានដកហូតភាគហ៊ុនទៅឲ្យវិនិយោគិនទូទៅ។ ហើយការលក់ភាគហ៊ុននេះទៀត​សោតនឹង​គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា ដោយ Hanjin KAL ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េនឹងចេញប្រាក់ ៣០០ ពាន់លានវ៉ុនក្នុងកិច្ចសន្យាជាមួយការធានាដើម្បីចូលរួមក្នុងការបង្កើនដើមទុន។

ក្រុមហ៊ុន Korean Air ត្រូវបានគេឲ្យដឹងថា ជាក្រុមហ៊ុនអាកាសចរណ៍គ្រប់គ្រងយន្តហោះ ១៦៦ គ្រឿងនៅចុងខែឧសភា ដោយ ៤០% នៃយន្តហោះទាំងនោះត្រូវបានទិញដោយក្រុមហ៊ុនផ្ទាល់។ ដោយឡែកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Asiana មួយភាគបីនៃយន្តហោះចំនួន ៨៦ របស់ខ្លួនត្រូវបានទិញដោយខ្លួនឯង។ ជាមួយគ្នានេះដែរ អ្នកនៅក្នុងឧស្សាហកម្មនេះបាននិយាយថា « ទោះបីជាយើងដាក់យន្តហោះរបស់យើងសម្រាប់លក់ក៏ដោយក៏នឹងមិនមានអ្នកទិញដែរ។ មួយវិញទៀតប្រសិនបើក្រុមហ៊ុនអាកាសចរណ៍បញ្ចប់កិច្ចសន្យាជួលរបស់ខ្លួន ក្រុមហ៊ុនទាំងនោះនឹងប្រឈមនឹងការពិន័យការឈប់មុនកំណត់ក្នុងកម្រិតខ្ពស់បំផុត។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Korean Air និង Asiana Airlines នឹងមិនអាចចាប់ផ្តើមលក់យន្តហោះរបស់ពួកគេភ្លាមៗនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖​ businesskorea