ថៃគ្រោងនឹងអនុញ្ញាតឲ្យបើកដំណើរការកន្លែងកំសាន្តនាពេលរាត្រីឡើងវិញ បន្ទាប់ពីស្ថានភាព Covid-19 ប្រសើរឡើង
អាជីវកម្ម June 22, 2020 Chan Sreyny

ថៃ៖ កន្លែងកំសាន្តនាពេលរាត្រីនៅក្នុងប្រទេសថៃរួមមានហាងស្រា បារ ក្លឹប​ ខារ៉ាអូខេ និងកន្លែងកម្សាន្តផ្សេងៗទៀត នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅក្នុងខែកក្កដាខាងមុខនេះ។ ការបើកដំណើរការឡើងវិញនេះ គឺជាការសន្យារបស់គណៈកម្មាធិការបន្ធូរបន្ថយការឹតបន្តឹងលើអាជីវកម្មនៅក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញរវាងលោក Gen Natthaphol Nakpanich និងប្រតិបត្តិករកន្លែងកម្សាន្តនាពេលរាត្រី។

ការបើកដំណើរការឡើងវិញនេះ គឺជាដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការរឹតបន្តឹងលើការឆ្លងរាតត្បាតនៃវីរុស Covid-19 ប៉ុន្តែទោះជាយ៉ាងណាក្ដី ការអនុញ្ញាតនេះនៅតែត្រូវការការយល់ព្រមពីការប្រជុំពេញអង្គរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស Covid-19 (CCSA) នៅថ្ងៃសុក្រសប្ដាហ៍នេះ។ គួរឲ្យដឹងផងដែរថា តន្ត្រីករនិងអ្នកសំដែងបានវអំពាវនាវដល់រដ្ឋាភិបាលឱ្យអនុញ្ញាតបើកកន្លែងកម្សាន្តនាពេលរាត្រីវិញ ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅធ្វើការដូចមុន ព្រោះការបិទទ្វារយូរពេក បានធ្វើឱ្យពួកគេជួបនឹងវិបត្តិហិរញ្ញវត្ថុ។

ពាក់ព័ន្ធនឹងការស្នើនេះឧត្តមសេនីយ៍ Natthaphol បាននិយាយថា គាត់នឹងណែនាំនៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ ថាពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញ ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃវិធានការត្រឹមត្រូវដើម្បីការពារកុំឲ្យវីរុស Covid-19 ផ្ទុះឡើងវិញ។ បន្ថែមពីនេះលោកបានបន្តថា ដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការរឹតបន្តឹងនឹងធ្វើឡើងដោយមាន ឬ គ្មានការពន្យារពេលនៃក្រឹត្យគ្រាអាសន្នសម្រាប់មួយខែទៀតនោះទេ។ ដូច្នេះប្រសិនបើក្រឹត្យគ្រាអាសន្នត្រូវបានដកចេញរាល់ការបញ្ជាឱ្យបិទទាំងអស់នឹងបញ្ចប់ដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ផងដែរថា ក្រឹត្យគ្រាអាសន្ននេះនឹងនៅតែបន្តដាក់ឲ្យអនុវត្តរហូតដល់ចុងខែនេះ ហើយវាអាចត្រូវបានអូសបន្លាយពេលទៅមុខទៀតដោយ (CCSA) ប្រសិនបើអាជ្ញាធរនៅតែមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃ Covid-19។ ខណៈប្រទេសថៃមិនបានកត់ត្រាពីការឆ្លងវីរុសថ្មីពីប្រជាជនក្នុងស្រុកអស់រយៈពេល ២៧ ថ្ងៃមកហើយ ដោយមានតែអ្នកឆ្លងថ្មីៗតែជាករណីនាំចូល៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost