ក្រុមហ៊ុន Toyota នឹងចាប់ផ្ដើមដំណើរការរោងចក្រផលិតនៅតំបន់អាស៊ីអាគ្នេយ៍ឡើងវិញ បន្ទាប់ពីត្រូវបិទមួយរយៈដោយសារវីរុសកូរ៉ូណា
អាជីវកម្ម June 15, 2020 Chan Sreyny

ក្រុមហ៊ុន Toyota Motor Corp កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានចាប់ផ្ដើមបើករោងចក្រឡើងវិញនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបន្ទាប់ពីត្រូវបានផ្អាកដោយសារការរីករាលដាលនៃវីរុស Covid-19។ ការបើករោងចក្រឡើងវិញនេះ នឹងនាំឱ្យផលិតកម្មទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រលប់មកដំណើរការធម្មតាវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews។

ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ លើពិភពលោកនេះ បានចាប់ផ្ដើមប្រតិបត្តិការនៅឯរោចក្រមួយនៅតំបន់ Shah Alam ប្រទេសម៉ាឡេស៊ី ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក P.T. ក្រុមហ៊ុន Astra Daihatsu Motor នៅឥណ្ឌូនេស៊ីក៏បានចាប់ផ្តើមដំណើរការរោងចក្ររបស់ខ្លួនឡើងវិញដែរ។

កាលពីឆ្នាំ២០១៩​ ក្រុមហ៊ុន Toyota បានផលិតរថយន្តប្រមាណ ៩០០,០០០ គ្រឿងនៅអាស៊ីអាគ្នេយ៍ ស្មើនឹងប្រហែល ១០% នៃផលិតផលសកលរបស់ខ្លួន។ ទន្ទឹមនឹងនេះក្រុមហ៊ុនបានបញ្ជាក់ថា​ ប្រទេសឥណ្ឌា គឺជាទីផ្សារតែមួយគត់នៅអាស៊ីដែលទិន្នផលមិនទាន់បានដំណើរការឡើងវិញ ហើយនៅតំបន់ផ្សេងទៀតដូចជា ផលិតកម្មនៅព័រទុយហ្កាល់ ប្រេស៊ីល និងវ៉េណេស៊ុយអេឡា ក៏នៅតែត្រូវបានផ្អាកដដែល៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី