ខណៈក្រុមហ៊ុន និងបណា្ដញលក់រាយជាច្រើនជាពិសេសក្រុមហ៊ុននៅក្នុងវិស័យសម្លៀកបំពាក់កំពុងធ្លាក់ចុះការលក់ ដោយសារតម្រូវការថយចុះក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ក្រុមហ៊ុនលក់រាយយក្ស Walmart WMT បានរកឃើញវិធីមួយទៀតដើម្បីរកប្រាក់ចំណេញ ដោយប្រើយុទ្ធសាស្រ្តថ្មីរបស់ខ្លួនក្នុងការលក់សម្លៀកបំពាក់មួយទឹក (សម្លៀកបំពាក់ជជុះ)។
ក្រុមហ៊ុនបានចាប់ដៃគូជាមួយ ThredUp ដែលជាទីផ្សារលក់បន្តសម្រាប់របស់របរប្រើប្រាស់ដែលប្រើរួចដូចជាកាបូប សម្លៀកបំពាក់ គ្រឿងតុបតែងលម្អខ្លួន និងស្បែកជើង សុទ្ធសឹងតែជាម៉ាកល្បីរួមមាន Chanel Michael Kors Gucci និង Nike ដើម្បីលក់តាមរយៈវេទិកាអនឡាញ។ ខណៈពេលដែលវេទិកាមួយនេះកំពុងពេញនិយមខ្លាំង បន្ទាប់ពីប្រជាជនត្រូវបានបញ្ជាឲ្យនៅតែផ្ទះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះនឹងចាប់យកទីផ្សារលក់វិញដែលមានទឹកប្រាក់ ៣២ ពាន់ដុល្លារ ដោយប្រើទំនិញយីហោដែលមានតម្លៃទាបដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកទិញឥវ៉ាន់នៅ Walmart នៅពេលដែលជនជាតិអាមេរិករាប់លាននាក់គ្មានការងារធ្វើ ឬ ប្រឈមនឹងការកាត់បន្ថយប្រាក់ឈ្នួល។

គួរឲ្យដឹងផងដែរថា ThredUp ជាហាងលក់ទំនិញតាមអ៉ីនធឺណេតធំបំផុត និងផ្តល់ជូនទំនិញច្រើនជាង ៧៥០,០០០ នៃម៉ាកចំនួន ២,០០០ ប្រភេទ។ ប្រធានជំនួញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិករបស់ក្រុមហ៊ុន Walmart នៅសហរដ្ឋអាមេរិកបានប្រាប់ CNBC ថា « យើងកំពុងមើលឃើញថានេះជាឱកាសមួយដើម្បីគាំទ្រការភាពបត់បែនរបស់អតិថិជន និងទប់លំនឹងការលក់នៅលើទីផ្សាររបស់ខ្លួន »។

ខណៈការលក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុនបានកើនឡើង ៧៤ ភាគរយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង។ វាអាចថារបស់របរជជុះអាចជួយឱ្យការលក់រាយរបស់អ្នកលក់រាយទទួលបានមកវិញកាន់តែច្រើន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Walmart មានការកើនឡើងជិត ៥% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ forbes
អត្ថបទ៖ លីនី


