ក្ស័យធន់អស់ហើយ! ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន Latam Airlines សម្រេចដាក់ពាក្យការពារភាពក្ស័យធនរបស់ខ្លួន
អាជីវកម្ម May 27, 2020 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅអាមេរិកឡាទីន Latam Airlines បានដាក់ពាក្យស្នើសុំការការពារភាពក្ស័យធននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines គឺជាជនរងគ្រោះចុងក្រោយបំផុត ដែលបានប្រកាសភាពក្ស័យធន់របស់ខ្លួន​ នៅពេលដែលជំងឺ COVID-19 បានធ្វើឱ្យដំណើរតាមអាកាសធ្លាក់ចុះយ៉ាងគំហុក ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានដាក់ពាក្យការពារភាពក្ស័យធន់របស់ខ្លួនបន្តកន្ទុយគ្នា។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឈីលីមួយនេះបាននិយាយថា ពួកគេបានដាក់ស្នើសុំទទួលយកច្បាប់ជំពូកទី១១ ស្ដីពីការការពារភាពក្ស័យធន់របស់ក្រុមហ៊ុនអាកាសចរណ៍ពីតុលាការអាមេរិក ហើយសាខារបស់ខ្លួនទាំងនៅប្រទេសឈីលី, ប៉េរូ, អេក្វាឌ័រ និងកូឡុំប៊ី គឺត្រូវការច្បាប់នេះទាំងអស់។

អាកាសចរណ៍ Latam Airlines និយាយថា ខ្លួននឹងបន្តប្រតិបត្តិការរបស់ខ្លួន ហើយវានឹងមិនមានផលប៉ះពាល់ដល់ជើងហោះហើរទេ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៅក្នុងប្រទេសឈីលី ប្រេស៊ីល និងកូឡុំប៊ី។ ការធ្លាក់ខ្លួននេះគឺដោយសាររោគរាតត្បាត COVID-19 បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ កាត់បន្ថយប្រតិបត្តិការរបស់ខ្លួនរហូតដល់ទៅ ៩៥% ហើយក្រុមហ៊ុនក៏បានប្រកាសបញ្ឈប់ការងារយ៉ាងច្រើនចាប់ពីដើមខែឧសភា។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិចឡាទីនមួយទៀតឈ្មោះថា Avianca ក៏បានដាក់ពាក្យប្តឹងសុំយកច្បាប់ការពារភាពក្ស័យធននេះដែរ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK