មួយរយៈពេលដែលមនុស្សជាច្រើនត្រូវបានជាប់គាំងនៅក្នុងផ្ទះ ក្រុមហ៊ុន Alibaba កើបលុយបានជាង ១៣ ពាន់លា​នដុល្លារ
អាជីវកម្ម May 23, 2020 Chan Sreyny

ក្រុមហ៊ុន Alibaba Group Holding នៅថ្ងៃសុក្រនេះបានរាយការណ៍អំពីការព្យាកណ៍ប្រាក់ចំណូល និងប្រាក់ចំណេញនៅត្រីមាសទី៤ ខណៈដែលមនុស្សជាច្រើនបានទិញទំនិញដែលចាំបាច់តាមអ៉ីនធឺណេតក្នុងអំឡុងពេលចាក់សោរប្រទេស។ នៅពេលដែលប្រជាជនស្នាក់នៅក្នុងផ្ទះ ហើយហាងនានាត្រូវបានបិទទ្វារអំឡុងពេលមានវិបត្តិ ការបញ្ជាទិញតាមអ៉ីនធឺណេតបានកើនឡើង ដោយអាជីវកម្មពាណិជ្ជកម្មស្នូលរបស់ក្រុមហ៊ុនចិនមួយនេះបានកើនឡើងជិត ១៩% ឈានដល់ចំនួន ៩៣.៨៧ ពាន់លានយ័ន (១៣.១៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាសនេះ។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Alibaba លោកស្រី Maggie Wu បាននិយាយថា លទ្ធផលផ្ទុយនឹងការណែនាំរបស់ក្រុមហ៊ុនពីត្រីមាសមុននៅពេលដែលវាបានព្យាករណ៍ពីការធ្លាក់ចុះប្រាក់ចំណូល។ ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិនបានចាប់ផ្តើមជាថ្មីម្តងទៀតមុនពេលមានសេដ្ឋកិច្ចធំៗ នៅអឺរ៉ុប និងសហរដ្ឋអាមេរិកក្រុមពាណិជ្ជកម្មអេឡិចត្រូនិកបាននិយាយថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណូលច្រើនជាង ៦៥០ ពាន់លានយ័ននៅក្នុងឆ្នាំសារពើពន្ធ២០២១។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Alibaba បាននិងកំពុងពង្រីកអាជីវកម្ម និងបច្ចេកវិទ្យាថ្មីៗដើម្បីទប់ទល់នឹងការប្រកួតប្រជែង ក្នុងការទិញទំនិញតាមអ៉ីនធឺណេតពីគូប្រជែងតូចៗដូចជា JD.com Inc និង Pinduoduo Inc ដែលកំពុងតែពេញនិយមពីសំណាក់ប្រជាជននៅក្នុងទីក្រុងថ្នាក់ក្រោមរបស់ចិន។

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Alibaba បានកើនឡើងដល់ ១១៤.៣១ ពាន់លានយ័ន (១៦.០២ ពាន់លានដុល្លារ) នៅក្នុងត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនាពីចំនួន ៩៣.៥០ ពាន់លានយ័នកាលពីឆ្នាំកន្លងមក។ ជាមួគ្នានេះក្រុមអ្នកវិភាគបានរំពឹងថា ប្រាក់ចំណូលនឹងមានចំនួន ១០៧.០៤ ពាន់លានយ័ន នេះបើយោងតាមទិន្នន័យរបស់ IBES ពីក្រុមហ៊ុន Refinitiv។ បន្ថែមពីនេះក្រុមហ៊ុនបានឱ្យដឹងថា បរិមាណទំនិញសរុបលើសពី ១ ទ្រីលានដុល្លារអាមេរិកជាលើកដំបូងនៅក្នុងឆ្នាំសារពើពន្ធរបស់ខ្លួនដែលបញ្ចប់នៅខែមីនានេះផងដែរ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី