ធនាគារនៅ Wall Street៖ មុខងារថ្មីដ៏ធំមួយរបស់ Facebook ក្នុងការទិញទំនិញតាមអ៉ីនធឺណេតអាចបង្កើតប្រាក់ចំណូលបានចំនួន ៣០ ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំ
អាជីវកម្ម May 22, 2020 Chan Sreyny

អ្នកវិភាគរបស់ធនាគារធនាគារវិនិយោគ Deutsche Bank បានព្យាករណ៍ថា ការជំរុញថ្មីរបស់ Facebook ក្នុងការទិញទំនិញតាមអ៉ីនធឺណេតអាចបង្កើតប្រាក់ចំណូលបានដល់ទៅ ៣០ ពាន់លានដុល្លារក្នុប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ។ កាលពីអង្គារ សប្ដាហ៍នេះ ក្រុមហ៊ុនបណ្តាញសង្គមដែលមានទីស្នាក់ការនៅ Silicon Valley បានប្រកាសពី Facebook Shops ដែលជាមធ្យោបាយថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មបង្កើតហាងលក់ទំនិញនិម្មិត និងរាយផលិតផលសម្រាប់លក់នៅលើ Facebook និង Instagram ។

Facebook Shops ដែលត្រូវបានបំពាក់ដោយសេវាកម្មរបស់ភាគីទីបីរួមមាន Shopify, BigCommerce និង Woo ដែលត្រូវបានរចនាឡើងដើម្បីប្រែក្លាយបណ្តាញសង្គមទៅជាគោលដៅទិញទំនិញលំដាប់កំពូល និងក្លាយជាការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដែលមានមហិច្ឆិតាបំផុតរបស់ក្រុមហ៊ុន Facebook។ ខណៈ Facebook នឹងត្រូវប្រកួតប្រជែង ដោយផ្ទាល់ជាមួយវេទិកាទិញទំនិញតាមអ៊ិនធរណេតផ្សេងទៀតដែលគាំទ្រដល់អ្នកលក់ភាគីទីបីដូចជា Amazon, eBay, និង Etsy។

ក្រុមអ្នកវិភាគនៅ Deutsche Bank បានចេញផ្សាយកំណត់ត្រាស្រាវជ្រាវមួយសម្រាប់អតិថិជនដែលពួកគេបានព្យាករណ៍ថា Facebook Shops អាចរកប្រាក់ចំណូលបន្ថែមបាន ៣០ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនក្នុងមួយឆ្នាំ បន្ថែមពីលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងថ្លៃសេវាបន្ថែម។ ដោយក្រុមហ៊ុន Facebook នឹងទទួលបានអត្ថប្រយោជន៍ចំនួន ២ ពីមធ្យោបាយថ្មីមួយនេះ ដោយ Facebook Shops នឹងរកប្រាក់បានពីថ្លៃប្រតិបត្តិការ ហើយវាក៏នឹងជំរុញការចំណាយលើការផ្សាយពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះការប៉ាន់ប្រមាណបានបង្ហាញយ៉ាងច្បាស់ពីទំហំនៃសក្តានុពលមុនរបស់ Facebook ដោយប្រសិនបើការព្យាករណ៍កើនឡើងនោះ វាអាចបង្កើនប្រាក់ចំណូលប្រចាំឆ្នាំជិត ៥០% ។ ខណៈហ្វេសប៊ុកបានបង្កើតប្រាក់ចំណូលចំនួន ១៧.៧ ពាន់លានដុល្លារនៅត្រីមាសទីមួយនៃឆ្នាំ២០២០ និង ៧០.៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩។

បន្ថែមពីនេះ អ្នកវិភាគក៏បានបង្ហាញពីរបៀបដែលក្រុមហ៊ុន Facebook ដែលមានទឹកប្រាក់ ៦៥៤ ពាន់លានដុល្លារនៅតែមានឱកាសមិនធម្មតាសម្រាប់ធ្វើឲ្យ Facebook កាន់តែរីកចម្រើន និងក្លាយជាអ្នកលេចធ្លោជាងមុន។ ជាក់ស្ដែងត្រលប់ទៅខែមេសាឆ្នាំ២០១៩ នៅពេលដែល Instagram ចាប់ផ្តើមចេញនូវមុខងារពិសេសនោះអ្នកវិភាគ Deutsche Bank ដដែលបានព្យាករណ៍ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើ Instagram អាចរកប្រាក់ចំណូលបានរហូតដល់ ១០ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនក្នុងប្រាក់ចំណូលនៅឆ្នាំ ២០២១ ដោយតួលេខនេះបានធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើនជាងមុន។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យដំណើរការមុខងារ Facebook Shops គឺបន្ទាប់ពីបានឃើញការលក់របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនមានការកើនឡើង ដោយសារតែការបិទទ្វារប្រទេសពីតំបន់មួយចំនួន ធ្វើឱ្យមនុស្សធម្មតាមិនអាចចេញក្រៅបាន ហើយអ្នកលក់ក៏មិនអាចបើកទ្វារបាន ជាហេតុធ្វើឲ្យការទិញអនឡាញមានការកើនឡើង។ ការរីករាលដាលនៃជំងឺរាតត្បាតនេះក៏បានបង្កអន្តរាយដល់អាជីវកម្មខ្នាតតូចផងដែរ ដោយមួយភាគបីនៃពួកគេបានឈប់ដំណើរការហាងរបស់ខ្លួន នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយ Facebook និង Small Business Roundtable៕

ប្រភព៖ today

អត្ថបទ៖ លីនី