ក្រុមហ៊ុនចាស់វស្សារបស់ជប៉ុន Panasonic នឹងបិទរោងចក្រផលិតគ្រឿងប្រើប្រាស់ដ៏ធំមួយនៅខាងក្រៅទីក្រុងបាងកក នៅពេលឆាប់ៗខាងមុខនេះ ដោយនឹងផ្លាស់ប្ដូរផលិតកម្មទៅកាន់រោងចក្រធំមួយនៅប្រទេសវៀតណាម ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ជាងមុន នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Nikkei។
តាមប្រភពដដែលបានបន្តថា ក្រុមហ៊ុន Panasonic នឹងរើរោងចក្រ ផលិតម៉ាស៊ីនបោកគក់នៅខែកញ្ញា និងទូទឹកកក នៅខែតុលា ឆ្នាំ២០២០ នេះ ហើយនឹងបិទជាផ្លុវការនៅក្នុងប្រទេសថៃនៅខែមីនា ឆ្នាំ២០២១។ បន្ថែមពីនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយនេះ ក៏នឹងត្រូវបានបិទផងដែរ។ នឹងការផ្លាស់ប្តូរទៅកាន់ប្រទេសវៀតណាមក្រុមហ៊ុន Panasonic ព្យាយាមកាត់បន្ថយការចំណាយតាមរយៈការពង្រឹងការផ្គត់ផ្គង់គ្រឿងបន្លាស់។

យ៉ាងណាមិញ ការផ្លាស់ប្តូរនេះក៏ឆ្លុះបញ្ចាំងពីដំណាក់កាលថ្មីនៅក្នុងវិស័យផលិតកម្មនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយចាប់ផ្តើមពីទសវត្សឆ្នាំ ១៩៧០ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុនផ្លាស់ប្តូរផលិតកម្មក្នុងស្រុកទៅសិង្ហបុរី និងម៉ាឡេស៊ី ខណៈប្រាក់យ៉េនបានកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីអត្រាប្តូរប្រាក់ធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងតម្លៃរបស់ជប៉ុន។

ក្រោយមកផលិតកម្មបានប្តូរទៅបណ្តាប្រទេសនានាដូចជាប្រទេសថៃ ដោយសារតែប្រាក់ឈ្នួលរបស់ប្រទេសសឹង្ហបុរីកើនឡើងថ្លៃពេក។ ហើយឥឡូវនេះក្រុមហ៊ុនកំពុងស្វែងរកទីតាំងដែលមានតម្លៃថោកជាងនេះ ខណៈពួកគេសង្ឃឹមថានឹងទទួលបានតម្រូវការសក្តានុពលដ៏ធំសម្រាប់ទូរទឹកកក ម៉ាស៊ីនបោកគក់ និងមីក្រូវ៉េវនៅក្នុងប្រទេសដែលមានប្រជាជនច្រើននៅអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Panasonic បានផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធំៗ នៅប្រទេសថៃតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ៕
ប្រភព៖ hanoitimes
អត្ថបទ៖ លីនី


