FACEBOOK ទើបតែបង្កើត Platform ពាណិជ្ជកម្មអេឡិចត្រូនិកថ្មីមួយហៅថា Shops សម្រាប់បម្រើដល់អាជីវកម្ម​ខ្នាត​តូច
អាជីវកម្ម May 20, 2020 Khmernote

ក្រុមហ៊ុន Facebook កំពុងធ្វើការជំរុញដ៏សំខាន់ថ្មីមួយទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយនៅថ្ងៃនេះផ្ទាល់ក្រុមហ៊ុនបានប្រកាសបើកដំណើរការ Platform ថ្មីមួយឈ្មោះថា «Shops» ដើម្បីជាមធ្យោបាយសម្រាប់ការលក់ទំនិញនៅលើ Facebook និង Instagram ដោយឥតគិតថ្លៃសេវា។ Shops នឹងត្រូវបានបំពាក់ដោយសេវាកម្មរបស់ភាគីទីបី រួមមាន Shopify, BigCommerce និង Woo ដែលត្រូវបានរចនាឡើងដើម្បីប្រែក្លាយបណ្តាញសង្គមទៅជាគោលដៅទិញទំនិញលំដាប់កំពូល។

នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រាប់ឱ្យដឹងនៅក្នុងការ Live មួយថា ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានសារៈសំខាន់ ដើម្បីចាប់ផ្តើមកសាងសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលជំងឺរាតត្បាត COVID-19 នៅតែបន្ត។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកមិនអាចបើកហាង ឬភោជនីយដ្ឋាន អ្នកនៅតែអាចបើកបញ្ជាទិញតាមអ៉ីនធឺណេត ហើយដឹកទំនិញទាំងនោះទៅឱ្យភ្ញៀវបាន។ យើងនឹងឃើញមានអាជីវកម្មខ្នាតតូចជាច្រើនដែលមិនធ្លាប់ធ្វើតាមរយៈអនឡាញ ងាកមកប្រើអាជីវកម្មបែបនេះកាន់តែច្រើនជាលើកដំបូង»។

ការដាក់ឱ្យដំណើរការមុខងារ Shops គឺបន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនមានការកើនឡើងការលក់ខ្លាំង ដោយសារតែការបិទទ្វារប្រទេសពីតំបន់មួយចំនួន ធ្វើឱ្យមនុស្សធម្មតាមិនអាចចេញក្រៅបាន ហើយអ្នកលក់ក៏មិនអាចបើកទ្វារបាន ដូច្នេះការទិញអនឡាញមានការកើនឡើង។ ការរីករាលដាលនៃជំងឺរាតត្បាតនេះក៏បានបង្កអន្តរាយដល់អាជីវកម្មខ្នាតតូចផងដែរ ដោយមួយភាគបីនៃពួកគេបានឈប់ដំណើរការហាងរបស់ខ្លួន នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយ Facebook និង Small Business Roundtable៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge