ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet របស់វៀតណាម កំពុងផ្ដល់សំបុត្រហោះហើរក្នុងស្រុកជាង ២០០,០០០ សំបុត្រឥតគិតថ្លៃ (តែត្រូវរាប់បញ្ចូលពន្ធថ្លៃសេវា) ចាប់ពីថ្ងៃទី៥ ខែឧសភាមក រហូតដល់ថ្ងៃទី៣០ ខែមិថុនា។ ការផ្ដល់សំបុត្រហោះហើរឥតគិតថ្លៃនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធី “ ប្រជាជនវៀតណាមធ្វើដំណើរនៅប្រទេសវៀតណាម” របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ជាមួយគ្នានេះការផ្ដល់សំបុត្រឥតគិតថ្លៃនេះ ក៏ជាយុទ្ធសាស្រ្តមួយជួយស្ដារប្រតិបត្តិការរបស់ក្រុមហ៊ុនឡើងវិញ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជាប់គាំង ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃវីរុស Covid-19។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវថ្មីក្នុងការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ។ គួរបញ្ជាក់ផងដែរថា មុននេះក្រុមហ៊ុន Vietjet ទើបតែបញ្ចប់ការផ្សព្វផ្សាយពិសេសនៃសំបុត្រសន្សំប្រាក់ដែលមានតម្លៃត្រឹមតែ ១៨,០០០ ដុង (០.៧៧ ដុល្លារ) នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំនេះ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


