កំពូលសហគ្រិន Mark Cuban ៖ ចង់ឲ្យអាជីវកម្មរស់រានឡើងវិញ ត្រូវធ្វើឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ថា ពួកគេជាម្ចាស់ ឬជាផ្នែកសំខាន់មួយនៅក្នុងក្រុមហ៊ុន
អាជីវកម្ម May 18, 2020 Chan Sreyny

នៅពេលដែលអាជីវកម្មអាមេរិកជាច្រើនកំពុងរង់ចាំសញ្ញាបើកទ្វាររបស់ខ្លួន លោក Mark Cuban មានដំបូន្មានដ៏គួរឲ្យទាក់ទាញមួយសម្រាប់ម្ចាស់អាជីវកម្ម ឬ អ្នកនាំទាំងអស់ដែលចង់អោយអាជីវកម្មរបស់អ្នករស់រានឡើងវិញ។ ដំបូន្មាននោះគឺផ្ដល់ឲ្យបុគ្គលិករបស់អ្នកនូវចំនែកសំខាន់នៅក្នុងក្រុមហ៊ុន។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយនិពន្ធនាយក LinkedIn លោកបាននិយាយថា៖ «មិនថាជាក្រុមហ៊ុនឯកជន តូច ឬធំ ឬមិនរីកចម្រើនក៏ដោយក្ដី ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មឡើងវិញសូមសាកល្បងវិធីនេះ ព្រោះបុគ្គលិករបស់អ្នកនឹង ខិតខំធ្វើការកាន់តែខ្លាំង ពួកគេនឹងមានអារម្មណ៍ថាពួកគេជាម្ចាស់ ពួកគេនឹងមានទស្សនៈខុសគ្នាទាំងស្រុងហើយវាផ្តល់ផលប្រយោជន៍ដល់អ្នករាល់គ្នា »។

ជាមួយគ្នានេះវិនិយោគិន Shark Tank និងជាម្ចាស់ Dallas Mavericks បាននិយាយនៅលើផេក LinkedIn ថា ក្នុងនាមជានិយោជកអ្នកនឹងត្រូវផ្អែកលើនិយោជិករបស់អ្នកច្រើនជាងអ្វីៗទាំងអស់ ហើយការវិនិយោគលើបុគ្គលិករបស់អ្នកគឺជារឿងសំខាន់។ ដូច្នេះតើធ្វើយ៉ាងណាដើម្បីវិនិយោគលើបុគ្គលិកប្រកបដោយប្រសិទ្ធភាព ឬអាចហៅម្យ៉ាងទៀតថាផ្ដល់ភាពសំខាន់ដល់បុគ្គលិកនៅក្នុងអាជីវកម្ម ឬ ក្រុមហ៊ុនរបស់អ្នក? មហាសេដ្ឋីរូបនេះបានណែនាំនូវ​វិធី ២ យ៉ាងដែលអ្នកគួរធ្វើ៖

១.រក្សាទំនាក់ទំនងល្អ៖ ការរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិករបស់អ្នកគឺជារឿងចាំបាច់ដែលអ្នកត្រូវគិតគូរ ព្រោះបុគ្គលិករបស់អ្នកគឺជាមនុស្សដែលត្រូវជួប និងផ្ដល់សេវាកម្មរបស់អ្នកទៅកាន់អតិថិជនមុនគេ។ ហើយអតិថិជនពេញចិត្ត ឬ មិនពេញចិត្តនឹងសេវាកម្មរបស់អ្នកក៏អាស្រ័យទៅលើបុគ្គលិករបស់អ្នកដូចគ្នា។ ដូច្នេះអ្នកគួរខិតខំរក្សាទំនាក់ទំនងរវាងអ្នកនឹងបុគ្គលិកតាមដែលអាចធ្វើទៅបាន មិនគួរដាក់គម្លាតក្នុងនាមជាថៅកែ និងកូនចៅនោះទេ តែគួរចាត់ទុកគ្នាក្នុងនាមជាក្រុម ជាសមាជិកដែលមិនអាចខ្វះបាន។

២.ស្វែងរកគំនិតពីបុគ្គលិករបស់អ្នក៖ តាមរយៈការផ្តល់ឱ្យនិយោជិកនូវការបញ្ចេញមតិយោបល់ អ្នកធ្វើឱ្យពួកគេក្លាយជាដៃគូកាន់តែខ្លាំងក្នុងការធ្វើឱ្យប្រាកដថាអាជីវកម្មទទួលបានជោគជ័យ។ អត្ថប្រយោជន៍មួយទៀត គឺអ្នកអាចទាញយកចំណេះដឹងរបស់ពួកគេសម្រាប់គំនិត និងការច្នៃប្រឌិតដែលមានសក្តានុពល។ លោក Cuban បានលើកឡើងថា គំនិតល្អៗ មួយចំនួននិងវិធីសាស្រ្តល្អ ៗ មួយចំនួននឹងមកពីពួកគេពីព្រោះពួកគេស្ថិតនៅជួរមុខ។ លោកបានបន្តថា ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គ្មានម្ចាស់អាជីវកម្ម ឬ អ្នកនាំណាអាចធ្វើរឿងនេះតែម្នាក់ឯងបានទេ ពោលគឺពួកគេត្រូវការបុគ្គលិកដែលបេជ្ញាចិត្តជួយពួកគេឱ្យឆ្លងកាត់បញ្ហានេះ៕

ប្រភព៖ inc
អត្ថបទ៖ លីនី