ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលការផ្សព្វផ្សាយដូចជា៖ ម៉ាស់មុខ ជែលលាងដៃ ក្រដាសជូតសម្អាត និងឧបករណ៍តេស្តវីរុស COVID-19 ចំនួន ២.៥លាន ចាប់តាំងពីថ្ងៃទី០១ ខែមីនា ក្នុងគោលបំណងដើម្បីការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃ ឬ ផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់។ ដើម្បីធ្វើវាបាន Facebook បានពឹងផ្អែកលើបច្ចេកវិទ្យា AI កំណត់រូបភាព ដែលដូចគ្នានឹងមុខងារដើម្បីលុបចោលការលក់កាំភ្លើងនិងគ្រឿងញៀន។ Facebook ព្យាយាមគ្រប់គ្រងការកើនឡើងនៃមាតិកាដែលរំលោភលើគោលការណ៍របស់ខ្លួន រួមទាំងការលុបចោលនូវព័ត៌មានគ្រោះថ្នាក់ដល់រាងកាយ ដូចជាជំរុញឱ្យអ្នកប្រើប្រាស់ផឹកអូសាវែលឱ្យជាសះស្បើយពីវីរុស COVID-19 ជាដើម។
ស្ថិតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ គឺជាការបន្ថែមចុងក្រោយបង្អស់ទៅនឹងរបាយការណ៍ប្រចាំឆ្នាំ ២ ដងរបស់ Facebook អំពីការអនុវត្តច្បាប់ស្របតាមគោលការណ៍របស់ខ្លួន។ ជាមួយនឹងរបាយការណ៍នីមួយៗ Facebook កាន់តែពឹងផ្អែកលើប្រព័ន្ធកុំព្យូទ័រចំពោះបញ្ហារបស់មនុស្ស។ Facebook មានអ្នកសម្របសម្រួលមាតិកាប្រមាណ ១៥,០០០ នាក់ដែលកំពុងធ្វើការនៅជុំវិញពិភពលោក ដែលអ្នកខ្លះមិនអាចធ្វើការពីការិយាល័យក្នុងអំឡុងពេលនេះទេ។
ក្រុមហ៊ុនបាននិយាយថា នៅចន្លោះខែតុលា ឆ្នាំ២០១៩ ដល់ខែមីនាឆ្នាំ២០២០ ប្រហែលជា ៩០% នៃមាតិកាដែល Facebook បានលុបចោល ត្រូវបានរកឃើញដំបូង software មិនមែនដោយសាររបាយការណ៍ពីអ្នកប្រើប្រាស់នោះទេ។ កាលពីត្រីមាសទី១ ឆ្នាំ២០២០ Facebook ក៏បាននិយាយថា ខ្លួនបានលុបគណនីក្លែងក្លាយចំនួន ១.៧ ពាន់លាន, ករណីអាសអាភាសចំនួន ៣៩.៥ និងលុបចោលការបង្ហោះទាក់ទងនឹងគ្រឿងញៀនខុសច្បាប់ចំនួន ៧.៩លាន ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg


