ធាតុផ្សំ ២​ យ៉ាងពីមហាសេដ្ឋី Jack Ma ដែលក្រុមហ៊ុន និងអាជីវកម្មទាំងអស់ត្រូវមានសម្រាប់ទប់ទល់ក្នុងអំឡុងពេលមានវិបត្តិ
អាជីវកម្ម May 12, 2020 Chan Sreyny

ក្រុមហ៊ុនអេឡិចត្រូនិចឈានមុខគេរបស់ចិន Alibaba បានធ្លាប់ឆ្លងកាត់នឹងវិបត្តិនៃរោគរាតត្បាតម្ដងរួចមកហើយ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ ជាក់ស្ដែងមេរៀន និងវិធីដោះស្រាយវិបត្តិរបស់ក្រុមហ៊ុនដែលមហាសេដ្ឋី Jack Ma ស្ថាបនិកនៃក្រុមហ៊ុន Alibaba បានរៀនសូត្រកាលពី ១៧ ឆ្នាំមុនក្នុងអំឡូងវិបត្តិជំងឺ (SARS) ឥឡូវនេះត្រូវបានគេយកមកប្រើប្រាស់តាមរយៈសៀវភៅណែនាំមួយដែលមានឈ្មោះថា « Digital Action for Entrepreneur in the Age of Covid-19 »។

នៅក្នុងសៀវភៅនេះ សរសេរឡើងពីការច្នៃប្រឌិត និងការផ្លាស់ប្តូរសំខាន់ៗដែលធ្វើឡើងដោយក្រុមហ៊ុនក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយជាមួយជំងឺ SARS ដែលរាតត្បាតរាប់ខែឆ្នាំ។ ហើយភាពស្រដៀងគ្នាទៅនឹង​វីរុស Covid-19 ដែលបានក្លាយជាវិបត្តិដ៏ធំមួយនេះ បានធ្វើឲ្យវិធីសាស្រ្តរបស់ក្រុមហ៊ុន Alibaba ក្លាយជាធនធានដ៏សំខាន់មួយសម្រាប់និយោជក និងម្ចាស់អាជីវកម្មគ្រប់រូបគួរអនុវត្តតាម៖

១.រក្សាភាពស្ងប់ស្ងៀម៖ នៅក្នុងពេលប្រឈមមុខនឹងវិបត្តិធំដូចជំងឺរាតត្បាតនេះ មហាសេដ្ឋី Jack Ma បានណែនាំឲ្យនាយកប្រតិបត្តិទាំងអស់គួរតែ “ រក្សាភាពស្ងប់ស្ងៀម”។ នៅក្នុងគ្រាដ៏លំបាកនេះ ប្រតិបត្តិការប្រចាំថ្ងៃនឹងរងផលប៉ះពាល់ ហើយតម្លៃរបស់ក្រុមហ៊ុននីមួយៗនឹងប្រឈមនឹងការធ្លាក់ចុះ។ តាមរយៈបទពិសោធន៍ដែលធ្លាប់ជួបមហាសេដ្ឋីរូបនេះបានណែនាំថា ការប្រតិកម្មរបស់និយោជិកចំពោះជំងឺរាតត្បាត គឺជារឿងសំខាន់ ដូច្នេះនិយោជកទាំងអស់ត្រូវមានកាតព្វកិច្ចជួយ និងសម្រួលដល់និយោជិកឲ្យសម្រេចបានការរក្សាភាពស្ងប់ស្ងៀម ហើយនេះគឺជាវិធីសាស្រ្តដ៏ល្អបំផុតដែលធ្វើឲ្យសេវាកម្មរបស់ក្រុមហ៊ុនមិនរងផលប៉ះពាល់ បើទោះបីជាប្រទេសត្រូវបិទទ្វារ។ លើសពីនេះ​វាក៏ជាទំនួលខុសត្រូវរបស់អាជីវកម្មផងដែរ ដើម្បីធានាថានិយោជិករបស់ពួកគេមិនត្រូវបានគេចាត់ទុកជាឧបករណ៍ដើម្បីរកលុយនោះទេ។

២. ផ្ដល់អាទិភាពក្រៅពីអតិថិជន៖ ត្រង់ចំណុចនេះសៀវភៅដែលបានចងក្រងបានណែនាំថា អ្នកដឹកនាំ ឬ នាយកប្រតិបត្តិគ្រប់រូបគួរផ្ដល់អាទិភាពដល់សហគ្រាសធនតូច និងមធ្យម។ ខណៈសហគ្រាសធុនតូចនិងមធ្យមនឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការឆ្លងរាតត្បាតនេះ។ ជាក់ស្ដែងក្នុងអំឡុងពេលមានវិបត្តិ SARS ក្រុមហ៊ុន Alibaba បានដាក់ចេញនូវវិធានការណ៍ដូចជា ការកាត់ថ្លៃសេវា វេទិកាប្រាក់កម្ចីការប្រាក់ទាបសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងបើកឱកាសការងារដែលអាចបត់បែនបាន។ ខណៈសហគ្រាសធុនតូចនិងមធ្យមមិនអាចធ្វើអាជីវកម្មដែលបណ្តាលឱ្យមានសម្ពាធកើនឡើងលើវេទិការរបស់ក្រុមហ៊ុននោះទេ។ ពួកគេគ្រាន់តែធ្វើប្រតិបត្តិការរបស់ខ្លួនដើម្បីរក្សាសហគ្រាសតាមវិធីរបស់ពួកគេតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរក្រុមហ៊ុន Alibaba បាន​និយាយថាខ្លួនចង់ជួយដល់ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យម អំពីវិធីដោះស្រាយបានល្អបំផុតចំពោះវិបត្តិសកល។ ហើយក្នុងនាមជាសហសេវិកលោក Jack Ma មានប្រសាសន៍ថា «មានតែអ្នកដែលអាចប្រឈមមុខនឹងបញ្ហា និងសហគ្រាសដែលអាចជំនះការលំបាក ប៉ុណ្ណោះដែលនឹងមានអនាគតភ្លឺស្វាង »៕

ប្រភព៖ forbesindia
អត្ថបទ៖ លីនី