Disneyland នៅសៀហៃ នឹងបើកដំណើរការឡើងវិញនៅសប្ដាហ៍ក្រោយនេះ ហើយក្លាយជាឧទ្យាន Disney ដំបូងគេនៅលើពិភពលោកដែលទទួលភ្ញៀវឡើងវិញ
អាជីវកម្ម May 7, 2020 Chan Sreyny

សួន​កម្សាន្តដ៏ល្បីល្បាញរបស់ពិភពលោក Disneyland នៅទីក្រុងក្រុងសៀងហៃ នឹងចាប់ផ្ដើមប្រតិបត្តិការនៅសប្ដាហ៍ក្រោយជាលើកដំបូងចាប់តាំងពីការ​បិទទ្វារនៅថ្ងៃទី២៤ ខែមករា កន្លងមក នេះបើយោងតាមការបញ្ជាក់របស់ប្រតិបត្តិករសួនកម្សាន្ត។ ទន្ទឹមនឹងនេះដែរបើតាមសារព័ត៌មាន CNN បានឲ្យដឹងថា Disneyland នៅទីក្រុងក្រុងសៀងហៃ នឹងក្លាយជាឧទ្យាន Disney ដំបូងគេនៅលើពិភពលោកដែលបើកទទួលភ្ញៀវបន្ទាប់ពីករណីឆ្លងវីរុសថ្មីមានការថយចុះនៅក្នុងប្រទេសចិន។

ប៉ុន្តែទោះជាយ៉ាងណាក្ដីសួនកម្សាន្តដ៏មានប្រជាប្រិយនេះនឹងចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ដូចជា ការកំណត់ចូល ការផ្តល់ជូនការកក់ទុកជាមុន និងជំរុញឲ្យភ្ញៀវពាក់ម៉ាសតាមការស្នើសុំរបស់រដ្ឋាភិបាលចិន។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១១០ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្តក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាក ៥ ថ្ងៃក្នុងខែឧសភានេះ ដែលបង្ហាញពីសកម្មភាពអាជីវកម្មបានត្រលប់មកជាធម្មតាវិញនៅក្នុងប្រទេស។

ជាក់ស្ដែងនៅរដ្ឋធានីប៉េកាំងកន្លែងទេសចរណ៍រួមទាំងសារមន្ទីរ វិមាន ដែលគេស្គាល់ថាជាទីក្រុងហាមឃាត់បានចាប់ផ្តើមប្រតិបត្តិការឡើងវិញជាលើកដំបូងក្នុងរយៈពេលប្រហែល ៣ ខែកន្លងមក។ ហើយបើតាមសេចក្តីរាយការណ៍តំបន់ទេសចរណ៍ចិនជិត ៧០% បានបើកដំណើរការឡើងវិញរួចមកហើយ៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី