ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនដាំដូងធ្លាក់ចុះ ហើយអាជីវកម្មខ្នាតតូចរាប់លានកំពុងទទួលបានសាច់ប្រាក់ទាបពីរដ្ឋាភិបាល វេទិកាផ្ដល់ប្រាក់កម្ចីតាមអ៉ីនធឺណេតដែលគាំទ្រដោយមហាសេដ្ឋី Jack Ma បានបោះជំហានចូលជួយក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះដែលបង្កឡើងដោយវិបត្តិ Covid-19។ កាលពីពាក់កណ្ដាលខែកុម្ភៈ នៅពេលការផ្ទុះឡើងនៃវីរុសនេះហៀបនឹងឈានដល់កម្រិតកំពូលក្នុងប្រទេសចិន ធនាគារ MYbank បានដាក់ការសំរេចថា តើត្រូវកាត់បន្ថយការប៉ះពាល់ ឬរក្សាប្រាក់កម្ចី។
ទោះជាយ៉ាងនេះក្ដីនាយកប្រតិបត្តិរបស់ធនាគារលោក Jin Xiaolong បានយល់ព្រមជាមួយធនាគារដៃគូចំនួន ២៥ ស្តីពីយុទ្ធសាស្ត្រដែលអាចមានហានិភ័យ គឺកាត់បន្ថយអត្រាការប្រាក់ និងបើកការផ្តល់ឥណទានដូចពេលមុនៗ។ ហើយបច្ចុប្បន្នធនាគារ MYbank នឹងចេញប្រាក់កម្ចីថ្មីចំនួន ២ ទ្រីលានយ័ន (២៨២ ពាន់លានដុល្លារអាមេរិក) ដែលមានការសហការពីក្រុមហ៊ុនហិរញ្ញវត្ថុ Ant ដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យមនៅឆ្នាំនេះ ពោលគឺកើនឡើងជិត ១៨% ធៀបនឹងឆ្នាំ ២០១៩ ។

យ៉ាងណាមិញប្រសិនបើការផ្តល់ប្រាក់កម្ចីកើនឡើងស្របគ្នានឹងការខិតខំរបស់រដ្ឋាភិបាលចិនក្នុងការជួយស្តារសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោកពីការធ្លាក់ចុះដោយសារការរីករាលដាលនៃជំងឺរាតត្បាត វានឹងនាំមកនូវហានិភ័យជាច្រើនសម្រាប់ក្រុមហ៊ុន MYbank និងម្ចាស់ភាគហ៊ុនធំជាងគេគឺ ក្រុមហ៊ុនហិរញ្ញវត្ថុ Ant របស់មហាសេដ្ឋី Jack Ma។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីលោក Jin បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ « ក្នុងការប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគ យើងមិនបានកាត់បន្ថយគោលដៅអាជីវកម្មរបស់យើងទេ »។

គួរបញ្ជាក់ផងដែរថា MYbank គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រធនាគារបើកចំហរបស់ Ant ដែលរួមបញ្ចូលទាំងកម្មវិធីផ្តល់ប្រាក់កម្ចីដល់អតិថិជន និងក្រុមបច្ចេកវិទ្យាដែលលក់ Cloud និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដល់អ្នកផ្តល់ប្រាក់កម្ចី។ ខណៈក្រុមហ៊ុនហិរញ្ញវត្ថុ Ant កំពុងរកប្រាក់ចំណូលបាន ៦៥% នៃប្រាក់ចំណូលរបស់ខ្លួនពីសេវាកម្មទាំងនេះនៅឆ្នាំ២០២១ កើនឡើងពីប្រហែល ៣៥% ក្នុងឆ្នាំ ២០១៧៕

ប្រភព៖ thestar
អត្ថបទ៖ លីនី


