មហាសេដ្ឋី Richard Branson នឹងដាក់បញ្ចាំកោះទៅរដ្ឋាភិបាលអង់គ្លេស យកលុយមកសង្រ្គោះអាជីវកម្មពីការដួលរលំ
អាជីវកម្ម April 23, 2020 Chan Sreyny

ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ច ជាពិសេសលើវិស័យទេសចរណ៍ដែលជាវិស័យចម្បងមួយរបស់ប្រទេសនានានៅតាមតំបន់អាស៊ី។ មិនតែប៉ុណ្ណោះនៅប៉ែកអ៉ឺរ៉ុបវិស័យទេសចរណ៍ក៏បានបង្ហាញការធ្លាក់ចុះយ៉ាងគំហុកដូចគ្នា ដោយក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មជាច្រើនបានរាយការណ៍ពីការខាតបង់រាប់ពាន់លានដុល្លារ ដោយសារវិធានការរឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលនៅតាមបណ្ដាប្រទេស។

ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះ លោក Richard Branson មហាសេដ្ឋីអង់គ្លេសបាននិយាយថា គាត់នឹងដាក់បញ្ចាំកោះ Necker ដែលជាកន្លែងគាត់រស់នៅដើម្បីព្យាយាមជួយសង្គ្រោះក្រុមហ៊ុន Virgin Atlantic និងក្រុមហ៊ុន Virgin ផ្សេងទៀតពីការដួលរលំ។ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះនៃការធ្វើដំណើរដែលបណ្តាលមកពីវីរុសកូវីដ-១៩ លោក Richard Branson បានស្នើកម្ចីពីរដ្ឋាភិបាលអង់គ្លេសចំនួន ៥០០ លានដុល្លារដើម្បីសង្រ្គោះក្រុមហ៊ុន ខណៈដែលមហាសេដ្ឋីរូបនេះបាន ចំណាយថវិកា ២៥០ លានដុល្លារដើម្បីរក្សាការងារជាច្រើននៅក្រុមហ៊ុន Virgin តាមដែលអាចធ្វើទៅបាន។

យ៉ាងណាមិញក្រុមហ៊ុន Virgin Atlantic មិនបានរាយការណ៍ឲ្យបានច្បាស់ពីចំនួនប្រាក់ដែលបានបាត់បង់ដោយសារលទ្ធផលនៃវីរុសនេះនោះទេ ក្រុមហ៊ុនគ្រាន់តែបាន​បញ្ជាក់បានកាត់បន្ថយសេវាកម្មរបស់ខ្លួនចំនួន ៨០% តែប៉ុណ្ណោះ។ ទោះយ៉ាងណារដ្ឋាភិបាលអង់គ្លេសបានប្រកាសថាខ្លួនមានភាពស្ទាក់ស្ទើរក្នុងការជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ក្នុងអំឡុងពេលមានវិបត្តិបច្ចុប្បន្ន និងបានណែនាំក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ប្រទេសនេះប្រឹងប្រែងឲ្យអស់ជម្រើសមុនពេលស្នើសុំលុយពីរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា លោក Richard Branson ធ្លាប់បានស្នើសុំប្រាក់កម្ចីចំនួន ១.៤ ពាន់លានដុល្លាពីរដ្ឋាភិបាលអូស្ត្រាលីដើម្បីសង្រ្គោះអាជីវកម្ម Virgin Australia របស់​ខ្លួន ប៉ុន្តែត្រូវបានរដ្ឋាភិបាលអូស្រ្តាលីច្រានចោលការស្នើសុំ។ ការច្រានចោលនេះ បានធ្វើឲ្យក្រុមហ៊ុនប្រកាសថាខ្លួននឹងចូលទៅក្នុង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្ស័យធន “voluntary administration” ដែលប្រហាក់ប្រហែលនឹងការការពារក្ស័យធនជំពូកទី១១ នៅសហរដ្ឋអាមេរិក៕

ប្រភ​ព៖ inc
អត្ថបទ៖ លីនី