យោងតាមការស្ទង់មតិរបស់សមាគមន៍ភោជនីយដ្ឋានជាតិ (NRA) បានឲ្យដឹងថាបុគ្គលិកនៅក្នុងឧស្សាហកម្មភោជនីយដ្ឋានចំនួន ៨ លាននាក់ត្រូវបានបាត់បង់ការងារ ហើយតាមរយៈការស្ទង់មតិទៅលើប្រតិបត្តិករភោជនីយដ្ឋានជាង ៦,៥០០ នាក់នៅទូទាំងសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ស្មានថានឹងត្រូវខាតបង់ចំណូលចំនួន ២៤០ ពាន់លានដុល្លារនៅចុងឆ្នាំ២០២០ នេះ។
ជាមួយគ្នានេះការស្ទង់មតិក៏បានបង្ហាញផងដែរថាឧស្សាហកម្មភោជនីយដ្ឋាននិងម្ហូបអាហារ បានបាត់បង់ប្រាក់ចំណូលចំនួន ៣០ ពាន់លានដុល្លារនៅក្នុងខែមីនា ហើយរំពឹងថានឹងខាតបង់ ៥០ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងខែមេសានេះ។ លោក Sean Kennedy អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់ NRA បានសរសេរនៅក្នុងលិខិតមួយទៅកាន់មេដឹកនាំសភាកាលពីថ្ងៃច័ន្ទថា “ ឧស្សាហកម្មភោជនីយដ្ឋានបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយសារវីរុសកូវីដ-១៩ ដោយការលក់ និងការបាត់បង់ការងារច្រើនជាងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេស ”។

ទោះបីជាយ៉ាងនេះក្ដី NRA កំពុងស្វែងរកការបង្កើតមូលនិធិសង្គ្រោះ ២៤០ ពាន់លានដុល្លារដោយផ្តោតតែលើឧស្សាហកម្មភោជនីយដ្ឋាន ដោយក្រុមឧស្សាហកម្មនេះក៏បានស្នើសុំឱ្យមានការកែតម្រូវកម្មវិធីការពារប្រាក់បៀវត្ស (PPP) រួមទាំងការទទួ់ខុសត្រូវកាន់តែខ្លាំងលើការសងប្រាក់វិញដោយសារបទញ្ជាតម្រូវឲ្យបិទភោជនីយដ្ឋាន និងការបង្កើតឥណទានពន្ធ ឬកម្មវិធីជំនួយសម្រាប់ភោជនីយដ្ឋានដែលប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពដែលអាចកាត់បន្ថយចំណូល។

ទន្ទឹមនឹងនេះដែរយោងតាម NRA ប្រហែលជា ៣% នៃភោជនីយដ្ឋាននៅអាមេរិក ឬស្មើនឹង ៣០,០០០ ភោជនីយដ្ឋានបានបិទទ្វាររួចហើយ ជាក់ស្ដែងនៅក្នុងការស្ទង់មតិកាលពីដើមខែមេសា ៥% នៃប្រតិបត្តិករបាននិយាយថាពួកគេរំពឹងថានឹងបិទក្នុងរយៈពេល ៣០ ថ្ងៃទៀតមានន័យថាភោជនីយដ្ឋានជាង ៥ ម៉ឺនអាចបិទជាអចិន្ត្រៃយ៍៕
ប្រភព៖ businessinsider
អត្ថបទ៖ លីនី


