ភ្នំពេញ ថ្ងៃទី ០៣ មេសា ឆ្នាំ ២០២០៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុនស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរូយ៉ាល់ហ្រ្គុបបានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលការវិនិយោគមួយនេះអាចឲ្យយើងធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរនិងរៀបចំផែនការវិស្សមកាលដោយប្រើប្រព័ន្ធកក់តាមអ៊ិនធឺណេតដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគផ្សេងៗ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួលនិងប្រសើរឡើង។”
តាមរយៈកិច្ចព្រមព្រៀងនេះដែលកំពុងរងចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Camboticketមានប្រសាសន៍ថា៖“ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យយើងបម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជូននូវបទពិសោធន៍នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មីគឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅCamboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មីៗដើម្បីធ្វើឱ្យCamboticket ក្លាយជាអ្នកផ្តល់សេវាកម្មតែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ” ។
ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticketបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជានិងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញក្រុមហ៊ុនទាំងពីរសម្រេចចិត្តលើភាពជាដៃគូនៅពេលនេះ ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនមេរបស់យើងដែលបានចុះកិច្ចព្រមព្រៀងនេះដែលយើងជឿជាក់ថាយើងនឹងមានដំណើររួមគ្នាវែងឆ្ងាយក្នុងការធ្វើឱ្យការកក់សំបុត្រនិងការរៀបចំផែនការវិស្សមកាលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ Camboticketក៏ជាដៃគូអាជីវកម្មរបស់វីងផងដែរ។ អតិថិជនវីង បច្ចុប្បន្ន អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីងដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បីកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។”
ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗសម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticketគឺជាក្រុមលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណេតដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល។


