នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តកោះកុង ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១១ក្នុងឆ្នាំ២០១៩ និងជាលើកទី១៦បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
លោក ផៃថូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តមួយនេះ។ លោកបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ផៃថូន ផ្លាមកេសន ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តកោះកុងនេះជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ ឯកឧត្ដម បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម។»
ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនិងលោក Ronald Wu អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹងអំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោកទាំងពីរ ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។