ថៃ៖ នៅក្នុងរដូវភ្លៀងនេះប្រជាជនជាច្រើននៅភាគជើងប្រទេសថៃ ជាពិសេសអ្នកភូមិមកពីស្រុកអូមខយ ទទួលបានប្រាក់ចំណូលពីមុខរបរថ្មីមួយដែលអាចរកលុយបានរហូតដល់ ១៥ លានបាតពីការស្វែងរក និងលក់ផ្សិត Puffball ឬ អាចហៅម្យ៉ាងទៀតថាផ្សិតពងមាន់នៅក្នុងរដូវភ្លៀងនេះ។ អ្នកភូមិបានរកឃើញផ្សិតនេះនៅក្នុងព្រៃ ហើយក៏បាននាំគ្នាបេះលក់ ដោយសារតែផ្សិតពងមាន់មានតម្លៃទីផ្សារខ្ពស់ ហើយមានតម្រូវការក៏ខ្ពស់ដូចគ្នាពេញមួយឆ្នាំនៅប្រទេសថៃ ដោយសារវាត្រូវបានគេប្រើនៅក្នុងមុខម្ហូបជាច្រើនរួមទាំងមុខម្ហូប តុំយ៉ាំគុង ដ៏ល្បីល្បាញ ផងដែរ។
យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Forestbook បានចែករំលែករឿងរ៉ាវអំពីរបៀបដែលអ្នកភូមិនៅអូមខយ ដែលរកលុយបានពីការស្វែងរកផ្សិតនៅក្នុងព្រៃ។ មកទល់ពេលនេះអ្នកភូមិដែលស្វែងរកផ្សិតលក់នៅលើទីផ្សារមានចំនួនសរុប ៣ ភូមិដូចជា ភូមិយាំងប៉ាង ,យាំងប៉ាងថៃ និងបានយាំងក្រក ដោយនៅពេលចូលដល់រដូវភ្លៀង សមាជិកគ្រួសារទាំងអស់បាននាំគ្នាដើររកផ្សិតពងមាន់ក្នុងព្រៃ ព្រោះនៅក្នុងរដូវភ្លៀងផ្សិតលូតលាស់បានលឿន និងល្អដោយសារទឹកភ្លៀង។
ចំពោះផ្សិតទាំងអស់ដែលរកបានត្រូវបានដាក់លក់នៅលើទីផ្សារទាំងស្រស់ និងជាច្នៃប្រភេទកំប៉ុង ដែលអាចឲ្យអ្នកភូមិទាំង ៣ ភូមិមានប្រហែលប្រមាណ ៥០០ គ្រួសារទទួលបានចំណូលបន្ថែមពីការលក់ផ្សិតនេះ។ យោងតាមការគណនាពីចំនួន ៥០០ គ្រួសារ ក្នុងមួយគ្រួសារអាចរកប្រាក់ចំណូលជាមធ្យម ៣០,០០០ បាត (ប្រមាណ ៩៧៨ ដុល្លារ) ដោយរាប់បញ្ចូលប្រាក់ចំណូលសរុបទាំង ៣ ភូមិចំណូលពីការរកផ្សិតមានចំនួនរហូតដល់ ១៥ លានបាត ( ប្រមាណជិត ៥ លានដុល្លារ) ដោយប្រាក់ចំណូលនេះអាចជួយទ្រទ្រង់ជីវភាពគ្រួសារនីមួយៗ ពីការរកប្រាក់ចំណូលពីមុខរបរប្រចាំថ្ងៃសម្រាប់ពេញមួយឆ្នាំផងដែរ។
យ៉ាងណាមិញមុខរបរថ្មីនេះក៏អាចធ្វើឲ្យអ្នកភូមិនៅក្នុងតំបន់នោះយល់ពីសារៈសំខាន់នៃការថែរក្សាព្រៃឈើ និងធម្មជាតិជុំវិញ ដោយសារតែផ្សិតទាំងនោះអាស្រ័យទៅនឹងព្រៃឈើ ដោយអ្នកភូមិនៅក្នុងភូមិអូមខយ បានមូលគំនិតគ្នាបង្កើតច្បាប់ការពារការធ្វើសកម្មភាពណាដែលអាចបង្កអន្តរាយ និងគំរាមកំហែងដល់ព្រៃឈើ។ ហើយច្បាប់មួយចំនួនទៀតរួមមានការហាមឃាត់ការដាំដុះ ឬ បង្កាត់ប្រភេទរុក្ខជាតិផ្សេងៗ ដែលអាចប៉ះពាល់ដល់ការលូតលាស់នៃជម្រកធម្មជាតិនៅក្នុងតំបន់ថែមទៀតផង៕
អត្ថបទ៖ លីនី


