កសិករថៃកើបលុយបានមិនចេះតិចពីការលក់ទឹកមាត់ខ្យង ថ្លឹងគីឡូលក់បានថ្លៃជាងមាសទៅទៀត
អាជីវកម្ម August 2, 2019 Khmernote

ខ្យងមួយប្រភេទដែលគេនិយមហៅថា “ខ្យងយក្ស” កំពុងតែមានហាងឆេងខ្ពស់នៅក្នុងប្រទេសថៃ ក្រោយគេបានរកឃើញថា​ ខ្យងប្រភេទនេះជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ផលិតគ្រឿងសម្អាងជាច្រើនប្រភេទ។ ជាធម្មតាខ្យងនេះច្រើនរស់នៅតាមចំការសម្រាប់ដាំល្ពៅ និងត្រសក់ ដែលស្ថិតនៅក្នុងខេត្ត NAKHON NAYOK ភាគខាងជើងប្រទេសថៃ។ កន្លងមកប្រជាកសិករថៃតែងតែរើសខ្យងប្រភេទនេះយកទៅបោះចោល ព្រោះខ្លាចវាស៊ី ឬធ្វើឲ្យខូចផលដំណាំរបស់ពួកគេ តែក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះការរើសខ្យងយកទៅលក់បានក្លាយជាមុខរបរមួយ ដែលអាចបន្ថែមប្រាក់ចំនូលបានមួយផ្នែកទៀត។

កសិករថៃម្នាក់បានប្រាប់ថា៖ “គាត់អាចរកប្រាក់បានក្នុងចន្លោះពី ៣២០ ទៅ ៦៥០ ដុល្លារក្នុងមួយខែ ពីការលក់ខ្យងប្រហែលជា ១០០០ ក្បាលប៉ុណ្ណោះ”។ ចំពោះទីផ្សារវិញគឺខ្យងត្រូវបានគេយកតែធាតុរអិល ឬជាធម្មតាគេហៅថាទឹកមាត់ខ្យងតែប៉ុណ្ណោះ ដើម្បីលក់ទៅឲ្យក្រុមហ៊ុនផលិតគ្រឿងសំអាងរបស់កូរ៉េ និងអាមេរិក។ តាមការបញ្ជាក់ក្នុងសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា ធាតុរអិល ឬទឹកមាត់ខ្យងស្ងួតត្រូវបានគេលក់ក្នុងតម្លៃ ៥៨,២០០ ដុល្លារក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺថ្លៃជាងតម្លៃមាសទៅទៀត ដោយមាស ១ គីឡូមានតម្លៃត្រឹមតែ ៤៦,៣០០ ដុល្លារប៉ុណ្ណោះ (តម្លៃទីផ្សាសកល)៕

អត្ថបទ៖ ភក្តី