ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣មកវិនិយោគនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងបី បានបណ្តាក់ទុនប្រមាណជាង១១លានដុល្លារលើវិស័យរោងចក្រផលិតក្រដាសកាតុង ផលិតកាបូប និងស្រោមដៃ និងរោងចក្រផលិតសម្លៀកបំពាក់។ ជាពិសេសនឹងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជិត៣០០០កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។

២. NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៧៨កន្លែង។

៣. “CHUNLEI GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២១កន្លែង៕
អត្ថបទ៖ សុផល


