ភ្នំពេញៈ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាដោយរាប់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ដោយគិតត្រឹមខែឧសភាមានគម្រោងវិនិយោគ ៤៥,២៦៥គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគគិតជាទឹកប្រាក់ជាង ៤៤,៥៧៦ លានដុល្លារសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នាព្រឹកថ្ងៃទី ៤ខែ កក្កដា ឆ្នាំ ២០១៩នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរីកចម្រើនដែលមានសន្ទុះខ្លាំងក្លាបែបនេះ ដោយសារតែការដាក់ចេញនូវគោលនយោយបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងការថែរក្សាសន្តិភាពនិងកៀងគរអ្នកវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា សុផារ៉ា បានបន្តថា “បន្ថែមពីនេះការចូលរួមពីសំណាក់ពីវិស័យឯកជននៅក្នុងការអនុវត្តវិស័យសំណង់កម្ពុជា។ ជាមួយនឹងការរីកចម្រើននេះ ការគោរពច្បាប់បទដ្ឋាន និងស្តង់ដារបច្ចេកទេស ជាប្រការចាំបាច់ ដែលត្រូវអនុវត្តសម្រាប់វិស័យឯកជន និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យសំណង់ដែលមិនអាចខ្វះបាន”។
ឯកឧត្តម បានឱ្យដឹងផងដែរថា ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៨ មានចំនួន៥,២៥៨ លានដុល្លារសហរដ្ឋអាមេរិក និងផ្តល់ការងារធ្វើជូនដល់យុវជនកម្ពុជាប្រមាណជាង២០ម៉ឺននាក់។ ដោយឡែកសម្រាប់គម្រោងអគារខ្ពស់ៗនៅទូទាំងប្រទេសដោយរាប់ចាប់ពី៥ជាន់ឡើង មានចំនួន១,៣២៤អគារ ។ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមិនមែនជាលក្ខណៈបុរី មានចំនួន២៥៨ទីតាំង៕
អត្ថបទ៖ សុផល


