រាជធានីភ្នំពេញ៖ នៅឆ្នាំ២០២២ កម្ពុជា នឹងមានមជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិ ដែលអាចប្រើប្រាស់បានច្រើនវិស័យ ដោយក្នុងនោះនឹងជាកន្លែងប្រជុំអាស៊ានផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប់ឆ្នេរអូរឈើទាល ដែលមានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេតនេះរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលរំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។
យោងប្រភពក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេត បានឱ្យដឹងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំ ដែលមាននូវអគារមជ្ឈមណួលសន្និសីទអន្តរជាតិ សណ្ឋាគារ អគារមជ្ឈមណួលពាណិជ្ជកម្មនិងមុខងារជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ សូមជម្រាបថាគម្រោងអគារមជ្ឈមណ្ឌលសន្និសីទ បានត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីចុងខែមិថុនាឆ្នាំ២០១៩ ៕
អត្ថបទ៖ សុផល





