របរច្នៃធុងសាំងចាស់ៗធ្វើជាគ្រឿងសង្ហារឹម កើបលុយបានរាប់ម៉ឺនបាតមួយៗខែនៅប្រទេសថៃ
អាជីវកម្ម July 1, 2019 Khmernote

ថៃ៖ ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយបុរសម្នាក់បានកែច្នៃធុងសាំង និងធុងប្រេង ឲ្យក្លាយជាគ្រឿងសង្ហារឹមយ៉ាងស្រស់ស្អាត។ បុរសម្នាក់ដែលមានឈ្មោះថា ភូមិផាត់ កែវតា ដែលមានឈ្មោះហៅក្រៅថា បមបេម អាយុ ៣៦ ឆ្នាំ ជាអ្នកផ្តួចផ្តើមគំនិត ដោយគំនិតនេះបានកើតចេញក្រោយពេលដែលមិត្តភក្តិរបស់លោកមកលេងផ្ទះ តែលោកពុំមានកៅអីអង្គុយគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវនោះឡើយ។

លោក ភូមិផាត់ បានប្រាប់ឲ្យដឹងថា «កាលពីឆ្នាំ២០១៨ ដែលជាឆ្នាំដំបូងលោកចាប់ផ្តើមធ្វើកៅអីសាឡុងចេញពីធុងសាំងនេះ គឺលោកធ្វើឡើងដោយពុំមានបំណងលក់រកប្រាក់ចំណូលអ្វីនោះឡើយ។ លោកគ្រាន់ច្នៃវាដើម្បីទុកសម្រាប់ទទួលភ្ញៀវសាច់ញាតិបងប្អូនដែលចូលមកកម្សាន្តលេងនៅផ្ទះលោកប៉ុណ្ណោះ។ តែមិត្តភក្តិរបស់លោកចេះតែទទូចសុំទិញ ព្រោះថាវាស្អាតខ្លាំង ហើយពួកគាត់បានជំរុញឲ្យលោកធ្វើអាជីវកម្មគ្រឿងសង្ហារឹមដែលច្នៃពីធុងសាំងនេះ។ ដំបូងលោកគិតថាអាចគ្មានអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្តែពេលដែលមិត្តភក្តិលោកបង្ហោះរូបនៅក្នុងបណ្តាញសង្គម និងប្រាប់ទីតាំងរបស់លោក ក៏មានមនុស្សជាច្រើនមកទាក់ទងទិញវាពីលោក»។

លោកបានបញ្ជាក់បន្ថែមថា «មុខរបរមួយនេះបានរកប្រាក់ចំណូលឲ្យលោកជាច្រើន ដោយមួយខែអាចបានចន្លោះពី ៨ ម៉ឺនបាត ទៅ ៩ ម៉ឺនបាត ខែខ្លះក៏អាចបានទៅដល់ ១២ ម៉ឺនបាតឯណោះ ទៅតាមការបញ្ជាទិញរបស់អតិថិជន។ លោកយល់ថាវាជាកាល្អប្រសើរមួយដែលគំនិតច្នៃប្រឌិតរបស់លោកទទួលបានការគាំទ្របែបនេះ»៕

អត្ថបទ៖ មេសា