ក្រុមហ៊ុនជីប ម៉ុងអ៊ីនស៊ី ផលិតស៊ីម៉ង់ត៍ បានជាង ៥៥០០តោនក្នុងមួយថ្ងៃ ប្រកាសផលិតផលស៊ីម៉ង់ត៍ថ្មី «អូដ្ឋរឹងមាំ» ក្រោមពាក្យស្លោក «សាងសងកាន់តែរឹងមាំ សាងសង់ដោយមោទនភាព»
អាជីវកម្ម June 30, 2019 Khmernote

រាជធានីភ្នំពេញ ថ្ងៃទី២៩, មិថុនា, ២០១៩៖ ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ីស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំ និង បំពាក់ដោយបច្ចេកវិទ្យាឈានមុខគេនៅប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយ និង មោទនភាព បញ្ចេញនូវផលិតផលស៊ីម៉ង់ត៍ម៉ាកថ្មី «អូដ្ឋរឹងមាំ» ក្រោមពាក្យស្លោក «សាងសង់កាន់តែរឹងមាំ សាងសង់ដោយមោទនភាព» និង សម្ពោធដាក់ឲ្យដំណើរការចែកចាយនៅលើទីផ្សារជាផ្លូវការចាប់ពីខែកក្កដាតទៅ។

ក្រោយសម្ពោធដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ជាង១ឆ្នាំ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សលើការពង្រឹងគុណភាពនិងបង្កើតផលិតផលថ្មីប្រកបដោយការច្នៃប្រឌិត និងមានការទទួលស្គាល់ពីថ្នាក់តំបន់ ចំពោះសមត្ថភាពដំណើរការរោងចក្រដ៏ទំនើបនិងធំជាងគេនៅក្នុងតំបន់។

លោក Nicolas GEORGE នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង អ៊ិស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានមានប្រសាសន៍ថា បន្ទាប់ពីរោងចក្រផលិតស៊ីម៉ង់ត៍នៅទូកមាស បានបើកសម្ពោធកាលពីដើមឆ្នាំ២០១៨ សកម្មភាពផលិតស៊ីម៉ង់ត៍អូដ្ឋ បានរួមចំណែកយ៉ាងសកម្មក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា ជាពិសេសការរួមចំណែកកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីបរទេស ដោយសារសព្វថ្ងៃនេះ រោងចក្រស៊ីម៉ង់ត៍ជីប ម៉ុង អ៊ីនស៊ី មានសមត្ថភាពផលិតស៊ីម៉ង់ត៍ប្រកបដោយគុណភាពខ្ពស់ជាង៥៥០០តោនក្នុង១ថ្ងៃ។

លោកនាយកប្រតិបត្តិ បានបន្ថែមថា ការដាក់ចេញនូវផលិតផលថ្មីនេះ ធ្វើឡើងបន្ទាប់ពីតម្រូវការទីផ្សារមានការកើនឡើងជាពិសេសអតិថិជនស្វែងរកតែផលិតផលដែលមានគុណភាពខ្ពស់ រក្សានូវភាពរឹងមាំ គង់វង្ស ដូចនេះ ស៊ីម៉ង់ត៍អូដ្ឋនឹងក្លាយជាជំរើសដ៏ចាំបាច់សម្រាប់ការងារគ្រឿងបង្គុំក្នុងវិស័យសំណង់ ដូចជា ផ្នែកគ្រឹះ សសរ ធ្នឹម ប្លង់សេ ជាដើម។

លោក Nicolas GEORGE បញ្ជាក់៖«យើងតែងតែផ្គត់ផ្គង់ស៊ីម៉ង់ត៍ មិនត្រឹមតែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវភាពងាយស្រួលលាយនិងចាក់ ដែលអាចជួយបង្កើនល្បឿនការងារជាងសំណង់និងផ្តល់ភាពរលោងដល់ផ្ទៃសំណង់ទៀតផង។ សម្រាប់ស៊ីម៉ង់អូដ្ឋរឹងមាំនេះវិញ វានឹងផ្តល់នូវបេតុងគ្មានភាពស្ពោត សំណង់ជាប់បានយូរ ចេញជ្រុងពេញល្អ និងជាប់ធន់ ហើយ កាត់បន្ថយការជួសជុលថែមទៀតផង»។

នាយកប្រតិបត្តិលោក Nicolas GEORGE បានបន្តថា ចំពោះការបង្កើតអ្វីមួយ ក្រុមហ៊ុនតែងតែធ្វើឲ្យមានតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និង បរិស្ថាន ដែលពឹងអាស្រ័យគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ផលិតផលថ្មីរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ត្រូវបានបង្កើតឡើងស្របតាមកម្រិតស្តង់ដារ ASTM 1157 របស់អាមេរិក និង TIS 2594-2556 របស់ប្រទេសថៃ ដើម្បីធានាការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីគាំទ្រដល់បរិស្ថានបៃតង។

ជាមួយការប្តេជ្ញាជំរុញការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកយ៉ាងហោចណាស់១០% នៅត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនជីប ម៉ុងអ៊ីនស៊ី ក៏ទើបឈ្នះពានរង្វាន់ឧស្សាហកម្មស៊ីម៉ង់ត៍ឆ្នាំ២០១៩ គឺ«ពានឧត្តមភាព៖រោងចក្រផលិតស៊ីម៉ង់ត៍២០១៩» ដែលផ្តល់ដោយទស្សនាវដ្តីស៊ីម៉ង់ត៍អន្តរជាតិមានមូលដ្ឋាននៅប្រទេសអង់គ្លេស នៅឯសន្និសីទ Cemtech ២០១៩ ប្រចាំតំបន់អាស៊ី នៅទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី១៧ដល់ទី១៩ខែមិថុនា ២០១៩ ដោយផ្តោតលើប្រធានបទ៖«មាគ៌ាឆ្ពោះទៅកាត់បន្ថយការបំភាយកាបូននាពេលអនាគត»។ CMIC ក៏ទើបទទួលបានពានរង្វាន់ទំនួលខុសត្រូវសង្គម `The EuroCham CSR Contest and Award 2019` ពីសមាគមធុរកិច្ច The EuroCham មានមូលដ្ឋាននៅកម្ពុជានិងមានសមាជិករាប់រយក្រុមហ៊ុន។

CMIC សង្ឃឹមថា អតិថិជននិងអ្នកពាក់ព័ន្ធទាំងអស់អបអរសាទរនឹងមានមោទនភាពចំពោះពានរង្វាន់ទាំងពីរនេះដែលទទួលបានស្របពេលគ្នាជាមួយការត្រៀមដាក់ចេញនូវផលិតផលថ្មី គឺ «អូដ្ឋរឹងមាំ៖ សាងសងកាន់តែរឹងមាំ សាងសង់ដោយមោទនភាព» ។

សូមបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង អ៊ិស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលបានសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ជាផ្លូវការកាលពីថ្ងៃទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនដែលវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនិងទំនើបជាងគេនៅតំបន់អាស៊ី ដោយបានបោះទុនវិនិយោគ២៦២លានដុល្លារអាមេរិក មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ៕