កំពង់ស្ពឺ និង ខេត្តកណ្តាល គឺជាផ្ទាំងស៊ីបរបស់ឈ្មួញរកស៊ីពុះដីឡូត៍លក់ ក្រោយពេលរោងចក្រជាច្រើនរើចេញពីភ្នំពេញ
អចលនទ្រព្យ June 21, 2019 Khmernote

បើនិយាយពីរឿងពុះដីឡូត៍លក់វិញនោះ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ កំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ឈ្មួញនិងមហាជន ដោយសារតែខេត្តទាំង២នេះ វាស្ថិតនៅជាប់រាជធានីភ្នំពេញ និងផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាទឹកដីមានកំពង់ផែ សេដ្ឋកិច្ច ដ៏អស្ចារ្យ និងស្របពេលដែលរោងចក្រនានាត្រូវបានរើចេញពីក្រុងភ្នំពេញ មកបោះទីតាំងនៅតំបន់នេះ។ ការរីកចំរើននៃវិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា វាល្អសម្រាប់ឈ្មួញដែលរកស៊ីពុះដីឡូត៍ តែវាក៏ជាហានិភ័យមួយផងដែរ សម្រាប់អតិថិជន ដែលយកលុយទៅទិញដីឡូត៍ដើម្បីទុកចំណេញ តែប៉ះអ្នករកស៊ីបោកប្រាស់ លក់ដីខ្យល់។

ផ្លូវ ៥១ ឆ្លងទៅផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ និងជាព្រុំប្រទល់ម្ខាងម្នាក់រវាងខេត្តកណ្តាល និងកំពង់ស្ពឺ

បើតាមការបង្ហើបអោយដឹងពីអ្នកជំនាញអចលនទ្រព្យ បានរៀបរាប់ថាស្រុកអង្គស្នួល ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ មានការរកស៊ីពុះដីឡូត៍ រីកដូចផ្សិត ហើយមនុស្សមិនតិចទេដែលយកប្រាក់ ទៅទិញដីឡូត៍ទាំងនោះដើម្បីទុកចំណេញនៅពេលក្រោយ ប៉ុន្តែបើតាមការវិភាគរបស់អ្នកជំនាញរូបនោះ បានសង្កត់ធ្ងន់ថា ការវិនិយោគប្រាក់ទិញដីឡូត៍ វាមានហានិភ័យជាង ការវិនិយោគប្រាក់ទិញដីធំៗ ព្រោះឈ្មួញលក់ដីឡូត៍ខ្លះខូច រកស៊ីបោកប្រាស់អតិថិជន ដូចដែលសារព័ត៌មានធ្លាប់ចុះផ្សាយកន្លងទៅ ដូច្នេះហើយមុននឹងសម្រេចចិត្តទិញដីឡូត៍ ត្រូវធ្វើការសិក្សារអោយបានច្បាស់ជាមុន អំពីទីតាំង ប្រវត្តិក្រុមហ៊ុនពុះដីឡូត៍ និងហាងឆេង ជាមុនសិន៕