ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយ នៅកម្ពុជា បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ។
ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បាន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។
ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT(CAMBODIA) CO. LTD) ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ