ត្រៀមដាក់ពាក្យអ្នកនៅខេត្តព្រះសីហនុ ខណៈស្អែកនេះក្រុមហ៊ុនធំៗចំនួន ១៣ ផ្ដល់ឱកាសការងារ ១ពាន់កន្លែង
អាជីវកម្ម April 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។

ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣ នឹងត្រូវផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ដូច្នេះ សូមសាធារណជន ពិសេសយុវជន ចូលរួមឲ្យបានច្រើនកុះករ និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ១៣។

ក្រុមហ៊ុនធំៗទាំង ១៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន RMA, Wing Bank , ធនាគារហត្ថាកសិករ, ធនាគារABA , ធនាគារ ហេង ហ្វឹង( ខេមបូឌា) ម.ក, មីក្រូហិរញ្ញវត្ថុ AMK,Hotel & Casino SIHATREASURE, អង្គការម្លប់តាប៉ាង, Bamboo Finance Plc, Tremulia, ក្រុមហ៊ុន Kofi., កោះឬស្សី Resort និង Prince Supper Market។
ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោង ILO-China Partnership Project។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 017 467 423/ 017 871 807/ 096 2155 162៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ