ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Auto Co គ្រោងនឹងសាងសង់រោងចក្រមួយនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត នេះបើយោងតាមការបង្ហើបរបស់អ្នកដែលបានដឹងពីផែនការនេះទៅកាន់សារព័ត៌មាន Reuters។ ការផ្លាស់ប្ដូរនេះ នឹងកាន់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនលើប្រទេសចិន និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងនៅភាគអាគ្នេយ៍។
បើតាមប្រភពដដែល ក្រុមហ៊ុន BYD នឹងវិនិយោគនៅភាគខាងជើងប្រទេសវៀតណាម ក្នុងទុនលើសពី ២៥០លានដុល្លារ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។ មិនតែប៉ុណ្ណោះ រោងចក្រនៅវៀតណាមនេះ នឹងនាំចេញគ្រឿងបង្គុំទៅរោងចក្រដំឡើងរបស់ BYD នៅប្រទេសថៃ និងបំពេញតម្រូវការក្នុងប្រទេសវៀតណាមផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Xian និងវ៉ាដាច់គូប្រជែង Tesla Inc ក្នុងការលក់រថយន្ត អគ្គិសនីកាលពីឆ្នាំមុន បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសអាស៊ីផ្សេងទៀតរួមទាំងសិង្ហបុរី ជប៉ុន និងអឺរ៉ុប៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo


