លោក Elon Musk បានលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ នៅក្នុងតម្លៃជិត ៣.៦ ពាន់លានដុល្លារ ក្រោយខាតបង់ខ្លាំងជាមួយនឹង Twitter
អាជីវកម្ម December 16, 2022 Naren

មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុន Tesla មួយចំនួន នៅក្នុងតម្លៃ ៣.៥៨ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ ឯកសារមួយនៅគណៈកម្មការមូលបត្រអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា នាយកប្រតិបត្តិ Tesla រូបនេះ បានលក់ភាគហ៊ុនចំនួន ២២ លាន ភាគហ៊ុន ដែលគាត់មានជាមួយក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះ នៅចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។

លោក Musk ទទួលបានប្រាក់កម្ចីចំនួន ១៣ ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កញ្ចប់លុយ ៤៤ ពាន់លានដុល្លារ ដែលបានចំណាយដើម្បីទិញក្រុមហ៊ុន Twitter នៅក្នុងខែតុលា។ ជាក់ស្តែងម្ចាស់ថ្មីរបស់ Twitter រូបនេះ ត្រូវការបង់ការប្រាក់ ច្រើនជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកប៉ាន់ស្មានថា លោក Musk ទំនងជានឹងប្រើប្រាស់ប្រាក់ចំណេញលើការលក់ភាគហ៊ុន ដើម្បីគ្របដណ្តប់លើការចំណាយនានា ខណៈដែល Twitter បានមើលឃើញការធ្លាក់ចុះនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Fox Business