រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច និងចម្ការម្រេច ឱ្យបានជ្រាបថា៖
ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបាន ចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ម្ចាស់ចម្ការម្រេច សហគមន៍កសិកម្មម្រេច និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ម្រេច ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញ ម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ម្រេចសម្រាប់ នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។
បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅកាន់ភាគីចិននៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៣២៥ ៥៥៨, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥ និង ០៧៧ ៤២៦ ៦០៨។



ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture


