(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបអាជីវកម្មភ្ញាស់ពងទាកូន និងចិញ្ចឹមទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តម បានកោតសរសើរបងប្អូនប្រជាកសិករជាច្រើនគ្រួសារដែលផលិតពងទាកូន នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រកបដោយឱជារស ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។
ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូនផងដែរ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង»៕