ទាហានថៃម្នាក់ លក់មាន់អាំងដោតចង្កាក់ដើម្បីរកលុយជួយម្តាយដោះបំណុល
អាជីវកម្ម October 7, 2022 Khmernote

(ថៃ)៖ ពលបាល Piya Srisamphan អាយុ ២៦ ឆ្នាំ បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី មហាសេដ្ឋីតាមអនឡាញ អំពីហាងមាន់អាំងដែលមានឈ្មោះថា Mu Ya Kai Yang និងអាជីវកម្មរបស់គាត់ មុននឹងណែនាំខ្លួនបន្តថា ដើមឡើយលោកគឺជាអ្នកខេត្ត សុផាន់ បុរី ក្រោយមកក៏បានចុះឈ្មោះចូលបម្រើយោធាតាំងពីអាយុ ១៨ ឆ្នាំ ហើយក៏បានផ្លាស់ទៅខេត្ត Kanchanaburi តាំងពីឆ្នាំ ២០១៥ មក ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Royal Rama IX Division 1 ។ ចំណែក​ប្រវត្តិ​នៃ​អាជីវកម្ម Moo Ya Kai Yang ដែល​ដំណើរការ​ទៅ​បាន​ល្អ​នោះ ពលបាល​ Piya ដែល​អនុញ្ញាត​ឲ្យ​ហៅ​ឈ្មោះកាត់ថា Mu Ya បាន​រៀបរាប់អោយដឹងថា ដើមឡើយ ​ឪពុក​ម្តាយ​រស់នៅ​ខេត្ត Suphanburi ប៉ុន្តែដោយសារតែ ​មាន​បញ្ហា​បំណុល​ច្រើន​ អាស្រ័យហេតុនេះ ក៏បានអញ្ជើញអោយឪពុកម្តាយមករស់នៅជុំជាមួយខ្លួននៅឯខេត្ត Kanchanaburi ព្រោះតែគាត់មានផ្ទះរដ្ឋាភិបាលឱ្យរស់នៅ។

ពលបាល Piya បានរៀបរាប់បន្តថា ពេល​នោះ​លោកមានអារម្មណ៍ថាអាណិត​ម្តាយ​ណាស់ នៅពេលដែលឃើញម្តាយក្រៀមក្រំបៀមទុកតែម្នាក់ឯង ហើយម្តាយលោកបានឆ្លៀតទៅ​ធ្វើការសុំឈ្នួលគេបានមួយថ្ងៃ ៣០០បាត ឬជិត ១០$ក្នុង​មួយ​ថ្ងៃ ​ប៉ុន្តែត្រូវ​សង​បំណុល​គេ​ច្រើន ដូច្នេះ​ហើយ​លោកក៏គិតរកវិធីជួយម្តាយ។ នៅពេលឪពុកម្តាយមកស្នាក់នៅជាមួយ កូនប្រុសតែមួយក៏បានបបួលឪពុកម្តាយធ្វើ​អាជីវកម្មលក់ដូរ ដោយផ្តើម​ពី​ការ​បើក​តូប​លក់​បាយ​នៅ​ក្នុង​ផ្សារ ព្រោះ​ម្ដាយ​គាត់​មាន​ជំនាញ​ធ្វើ​ម្ហូប​រួច​ហើយ តែក្រោយ​រក​ឃើញ​កូវីដ​រលក​ទី​១ ផ្សារ​ស្ងាត់ ម្ហូប​ស្ទើរ​តែ​លក់​មិន​អស់សល់​រាល់ថ្ងៃ ក៏ត្រូវ​កែ​ផែន​ការលក់ ប្តូរទីតាំង រក​របស់​ថ្មី​មក​លក់។

លុះក្រោយមក ក៏ងាកមកលក់មាន់អាំង ដោយសារតែធ្លាប់ឃើញមានពូម្នាក់ ធ្លាប់​លក់​នៅ​មុខ​ផ្សារ ក្រោយមក
គាត់ក៏បានឈប់លក់ ជាហេតុនាំអោយពលបាល Piya សម្រេចចិត្តតែមួយថ្ងៃដើម្បីស្វែងរករូបមន្តក្នុងការប្រឡាក់សាច់ ធ្វើ២នាក់ម៉ែកូន និងភ្លក្សរសជាតិរហូតដល់រូបមន្តល្អឥតខ្ចោះ ក៏ចាប់លក់ ក្រោយពីឃើញ​ថា​ថ្ងៃ​ដំបូងធ្វើ​លក់​បាន​ ១០០ចង្កាក់ មិន​បាន​ប៉ុន្មាននាទី​ផង ក៏លក់អស់ ដោយថ្ងៃដំបូងទទួល​បាន ៨៥០​បាត ឬជាង២០ដុល្លា លោកនិងម្តាយសប្បាយ​ចិត្ត​ខ្លាំង រួច​ក៏​ចាប់​ផ្ដើម​លក់​ដាច់​ជាប់រហូតដល់សព្វថ្ងៃ។

គួរបញ្ជាក់អោយដឹងផងដែរថា បច្ចប្បន្ន លោកក៏មានផែនការអាជីវកម្មផងដែរ ដោយឥលូវលោកបានជួលមិត្តម្នាក់មកជួយជាកម្មករ២នាក់ ហើយចង់លក់ជា Franchise ដោយមានទទួលឌីហ្សាញស្តង់ ឌីហ្សាញ ស្លាកសញ្ញា ព្រមទាំងឧបករណ៍លក់មួយឈុត តម្លៃបានកំណត់រួចហើយ 9,999 បាត ឬជិត ៣០០ដុល្លាអាមេរិក ប៉ុន្តែដោយសារតែការជួបប្រទះនឹងរលកទី១នៃមេរោគកូវីដ១៩ជាច្រើន ដូច្នេះ ហ្វ្រេនឆាយមិនទាន់ចេញលក់ទេ ព្រោះ​ខ្លាច​អតិថិជន​ដែល​ទិញទៅ ​មិន​អាច​លក់​បាន​រហូត​ដល់​បាក់​ទឹកចិត្ត ដូច្នេះ​គម្រោង​ត្រូវ​បាន​ពន្យារ​ពេល៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee