ថៃ៖ នាសម័យនេះ ប្រសិនបើយើងមានវិជ្ជាជីវៈជាច្រើន មិនឃើញថាជារឿងប្លែកទៀតទេ ដូចអ្នកនាង Aree ឬ អ្នកនាង Tharathan Kositanon អតីតនារីបំរើការលើយន្តហោះ អោយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលបច្ចុប្បន្នជាស្ត្រីមេផ្ទះមើលថែកូន២នាក់បានរៀបរាប់ប្រាប់កម្មវិធី ផ្លូវមហាសេដ្ឋីតាមអ៊ីនធឺណិត ឬ sentangsedtee ថា ការចាប់ផ្តើមនៃការលក់ភីហ្សាទះ ចាប់ផ្ដើមពីមានពេលទំនេរនៅពេលល្ងាចបន្ទាប់ពីទទួលកូនពីសាលារួច អ្នកនាងក៏បានគិតថា ក្នុងអំឡុងទំនេរនេះគឺអាចបង្កើតលុយបាន យ៉ាងហោចណាស់ក៏អាចរកបានរួចថ្លៃទឹក និងភ្លើងក៏ជាការល្អម្យ៉ាងដែរ ដូច្នេះហើយប្តីរបស់អ្នកនាង ក៏បានបង្រៀនអ្នកនាងឱ្យរៀនធ្វើភីហ្សាដុតឡធ្យូងនៅផ្ទះ ដោយកំឡុងពេលហ្វឹកហាត់ ភីហ្សាចេញមកមើលទៅគឺទំនងគួរអោយចង់ញាំខ្លាំងណាស់ ដោយពីដំបូងនោះ អ្នកនាងគ្រាន់តែសង្ឃឹមថា យ៉ាងហោចណាស់អ្នកនាង អាចថតរូបដើម្បីបង្អួតមិត្តភក្តិរបស់អ្នកនាងបានតែប៉ុណ្ណោះ។
ប៉ុន្តែលទ្ធផលបានប្រែទៅជាលើសពីការរំពឹងទុក ជាហេតុនាំអោយអ្នកនាង សម្រេចចិត្តធ្វើញាំសម្រាប់ខ្លួនឯងខ្លះ ចែកជូនអោយអ្នកជិតខាងខ្លះ ក៏ដូចជា ផ្ញើជូនមិត្តភ័ក្តិដើម្បីភ្លក្សរសជាតិ ធ្វើរហូតដល់មានទំនុកចិត្តទើបចាប់ផ្ដើមប្រកាសលក់តាមភូមិ ហើយបន្ទាប់មកលក់តាមអ៊ីនធឺណិត ដោយបានទទួលយករាល់មតិរិះគន់និងណែនាំមកកែលម្អកាន់តែប្រសើរឡើង។
លុះក្រោយមកទៀត ក៏មានគេហៈទំព័រល្បីមួយមកសុំថតនិងសម្ភាសន៍ដល់ផ្ទះ ហើយនេះក៏ជាចំណុចដែល ត្រូវបានគេស្គាល់កាន់តែច្រើន ថែមទាំងទទួលបាន ទាំងការកម្ម៉ង់ពី page ហាង ខ្លះទៀតក៏ខលមកកម្ម៉ង់ហើយបើកឡានមកយកដល់មុខផ្ទះទៀតផង។ ដោយសារតែការដែលយើងចង់មានពេលខ្លះសម្រាប់គ្រួសារ ដូច្នេះហើយអ្នកនាងក៏មានគោលដៅលក់មិនឱ្យលើសពី១០០ថាសក្នុងមួយសប្តាហ៍ទេ ពោលគឺលក់តែថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យតែប៉ុណ្ណោះ ដែល ជាមធ្យមគឺលក់បាន ២៥ថាសក្នុងមួយថ្ងៃ។ ឥឡូវនេះវាចាប់ផ្តើមមានភ្ញៀវកក់ពេញមួយសប្តាហ៍ ក៏ដូចជារំលងដល់សប្តាហ៍ទី២ខ្លះដែរហើយ អ្នកនាង Aree បានរៀបរាប់បន្ថែមថា «អ្នកនាងពិតជាមានអារម្មណ៍សប្បាយរីករាយណាស់សម្រាប់ជោគជ័យក្នុងការលក់មួយនេះ» ។
គួរបញ្ជាក់អោយដឹងផងដែរថា ដោយសារភីហ្សាដុតឡធ្យូងនេះ ទទួលបានផលចំណេញច្រើនគួរសម ដូច្នេះហើយអ្នកនាងយល់ថា អ្នកនាងមិនចាំបាច់លក់ច្រើនពេកទេក្នុងមួយថ្ងៃ ព្រោះអ្នកនាង លក់ដើម្បីតែអាចទូទាត់វិក្កយបត្រថ្លៃទឹក និង វិក្កយបត្រអគ្គិសនីតែប៉ុណ្ណោះ ចំណែកថ្លៃផ្ទះឬទីតាំងក៏មិនអស់ថ្លៃជួល ពោលគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ព្រោះយើងមិនមានថ្លៃឈ្នួលខ្ពស់ គ្មានថ្លៃបុគ្គលិក លុយដែលលក់បាននោះ បន្ទាប់ពីទូទាត់ថ្លៃចំណាយនៅសល់លុយគឺចូលហោប៉ៅយ៉ាងរីករាយនិងក្តីសុខតែម្តង។ អ្នកនាងបានបន្តថា នៅថ្ងៃអនាគត បើសិនជាអាច អ្នកនាងគ្រោងធ្វើភីហ្សាបែប Chef Table នៅផ្ទះ ទទួលបាន ២តុក្នុងមួយថ្ងៃ បម្រើភីហ្សា ដែលយើងទទួលបានគ្រឿងផ្សំពីអ៊ីតាលីដល់អតិថិជនជួសាកល្បងភ្លក់ ដោយទទួលទាជាមួយភេសជ្ជៈ និងម្ហូបតេស្តៗមួយចំនួន ដែលមានបរិយាកាសដូចជាញ៉ាំអាហារជាមួយមិត្តភ័ក្ដិអញ្ចឹង៕





អត្ថបទ៖ Bee
ប្រភព៖sentangsedtee


