របរចេកអាំងខ្ទិះដូងបានផ្លាស់ប្តូរជីវិតរបស់បុរសជនជាតិថៃម្នាក់ ឱ្យក្លាយជាថៅកែអាជីវកម្មហ្វ្រេនឆាយដែលរកចំណូលបានខ្ទង់មុឺនដុល្លារក្នុងមួយខែ
អាជីវកម្ម October 4, 2022 Khmernote

ថៃ៖ ទម្រាំតែអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ សហគ្រិនជាច្រើន ​រមែង​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន។ ក្នុងថ្ងៃនេះដែរ យោងតាមរយៈសារព័ត៌មាន Sentangsedtee មានឱកាសបានជជែកជាមួយលោក Ball-Pasakorn Tirakhuntayakorn ដែលជាម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលពង្រីកអាជីពបន្តពីម្តាយរបស់លោក ដែលធ្លាប់តែជិះម៉ូតូរ៉ឺម៉កកង់បីលក់ចេកអាំងខ្ទិះដូង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូត​ដល់​អាច​ពង្រីក​ទៅ​ជា​អាជីវកម្ម​ Franchise ដែល​បាន​បើក​សាខា​ជាង ២០០ កន្លែងនៅ​ទូទាំង​ប្រទេស ថែមទាំងរកបានចំណូលជិតមួយលានបាត ឬជិត៣មុឺនដុល្លារក្នុងមួយខែ។

ម្ចាស់​អាជីវកម្ម​វ័យ ៣៩​ឆ្នាំ​រូបនេះ បាន​រៀបរាប់អោយដឹងថា លោកធ្លាប់ជាបុគ្គលិកធ្វើការពេញម៉ោងពីមុន បន្ទាប់មកលោកក៏បានពិភាក្សាជាមួយមិត្តស្រីថា តើគួរធ្វើបែបណាដើម្បីទទួលបានប្រាក់សម្រាប់ដើរផ្សារទិញរបស់របរដែលខ្លួនចង់បាន? ក្រោយមកនាងក៏បានឆ្លើយតបមកវិញថា លក់ចេកអាំងជាមួយម៉ាក់ទៅ ដោយសារតែ​ម្តាយ​របស់លោកលក់​នៅ​ស្រុក Phra Phutthabat ខេត្ត Saraburi ទើបលោកសាកល្បង​លក់​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យតែប៉ុណ្ណោះ។ បន្ទាប់ពីបានសាកល្បងលក់ហើយ លោកស្រាប់តែមានអារម្មណ៍ថាចូលចិត្ត ថែមទាំងគិតថាវាពិតជារបរដែលសាកសមសម្រាប់ការលក់ដូរ ហើយក៏ជាអាជីពដែលឯករាជ្យចំពោះខ្លួនឯងផងដែរ។ លើស​ពី​នេះ​ទៀត លោកក៏ចង់​ទទួលបានប្រាក់ដោយមិនចាំបាច់រងចាំប្រាក់ខែបើក ដូច្នេះ​ហើយ​លោកក៏បាន​លាឈប់ពីការងារតែម្តង។

បន្ទាប់ពីលាឈប់ពីការងាររួចមក លោក Ball បានជិះម៉ូតូរុឺម៉កទៅលក់ចេកអាំងនៅទីរួមខេត្ត Saraburi ព្រោះតែមិនចង់ប្រកួតប្រជែងនៅស្រុកជាមួយម្តាយ។ រីឯការ​លក់​ចេក​អាំងដំបូងរបស់គាត់​បានបង្កើត​ប្រាក់​ច្រើន​សម្រាប់​គាត់ ដោយក្នុង​ខែ​ដំបូង​ការ​លក់​នេះ​បាន​ទទួល​ប្រាក់​ចំណេញ ៣៧ ០០០ បាត ឬជាង ១ពាន់ដុល្លាឯណោះ។ នៅពេលដែលលោកបន្តការលក់ជារឿយៗ ស្រាប់តែថ្ងៃមួយក៏មានអតិថិជន​ម្នាក់សួរ​ថា ​តើ​មានលក់ជា​ហ្វ្រេនឆាយ​ឬ​អត់? រយៈពេលជិត​ ១០ ឆ្នាំ​ហើយ​ដែល​លោក​មិនធ្លាប់​បាន​ស្គាល់​ពាក្យ​នេះ​ទេ ទើបលោកទៅស្វែងរកព័ត៌មានលម្អិតអំពីការលក់ហ្វ្រេនឆាយ តាមរយៈ Google ក្រោយមកលោកក៏ព្យាយាមឆ្លើយជាមួយអតិថិជនថ្មីម្តងទៀតថា រហូតអតិថិនជនក៏បានសួរនាំអំពីតម្លៃនៃការលក់ហ្វ្រេនឆាយចេកអាំង ហើយលោកក៏​មិន​បាន​រៀបចំ​ចម្លើយ​ទាំង​នោះ​ទេ ព្រោះ​ពេល​នោះ​លោកក៏​មិន​បាន​ដឹង និង​មិន​យល់ច្បាស់អំពីវា ១០០% ទេ ប៉ុន្តែ​លោកនៅតែ​បន្ត​ការលក់ រហូតបានពង្រីកសាខាជាច្រើន។

គួរបញ្ជាក់អោយដឹងផងដែរថា៖ មិនមែនជារឿងងាយស្រួលនោះទេទម្រាំតែ Banana Monkey Island នឹងរីកចម្រើនទៅជាក្រុមហ៊ុន Monkey Island Station Company Limited ដែលបានបើកសាខាជាង ២០០ សាខា នៅទូទាំងប្រទេសថៃដូចសព្វថ្ងៃនេះ រមែងតែង​ជួប​នឹង​បញ្ហា​និង​ឧបសគ្គ​ជា​ច្រើន​ព្រោះ​កាលពី​ជិត​១០​ឆ្នាំ​មុន​ការ​ធ្វើ​ដំណើរ​មិន​សូវ​ល្អ​ដូច​សព្វ​ថ្ងៃ រីឯឧបករណ៍ក៏ហួសសម័យ ហើយ​គ្មាន​អ្នក​ណា​ផ្ដល់​ចំណេះដឹង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​ផ្សេងៗ​ទេ។ ប៉ុន្តែរាល់ឧបសគ្គសុទ្ធតែបានបង្រៀននិងផ្តល់អោយយើងចេះអភិវឌ្ឍន៍អាជីវកម្មយើង ទៅតាមតម្រូវការនៃអតិថិជនដោយមិនភ្លេចនៅគោលការណ៍របស់ខ្លួនផងដែរ ពោលគឺ ​ការ​ធ្វើ​អាជីវកម្ម​មិន​បាន​ជោគជ័យ​ត្រឹម​តែ​មួយ​ថ្ងៃ​នោះ​ទេ មានកត្តាជាច្រើនទាំង ទីតាំង អ្នកផលិត វត្ថុធាតុដើម ដំណើរការនៃការផលិត ការថែទាំគុណភាព ហើយ​សំខាន់​ជាង​គេ​គឺ​សេវាកម្ម​ឆ្ងាញ់​តែ​មនុស្ស​មិន​ឆ្ងាញ់គឺចប់តែម្តង ដូចនេះហើយអ្វីដែលសំខាន់បំផុតនោះគឺរសជាតិ អនាម័យ ជាពិសេសនោះ គឺ ​ចំណាប់អារម្មណ៍របស់អតិថិជនគឺសំខាន់ណាស់៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee