ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មិនកេងប្រាក់ចំណេញច្រើនពេក! ទើបធ្វើឱ្យអាជីវករ​បោះដុំបន្លែ​នៅប្រទេសថៃម្នាក់នេះ មួយថ្ងៃរកចំណូលបានរាប់រយដុល្លារ
អាជីវកម្ម September 29, 2022 Khmernote

(ថៃ)៖ បុរសជនជាតិថៃម្នាក់ ប្រែក្លាយទៅជាអាជីវករលក់បន្លែពីផ្សារស៊ីមុំមឿង ប្រែក្លាយជាហាងលក់បន្លែបោះដុំធំនៅផ្សារ Khlong Toei ពីប្រាក់ចំណូលដែលរកបានប្រចាំថ្ងៃ ១៥០០បាត ឬ ៥០ដុល្លាក្នុងមួយថ្ងៃ រហូតដល់បច្ចុប្បន្នទទួលបានប្រាក់ចំណូល ១០,០០០-១៥,០០០បាត ឬជាង ៥០០ដុល្លាក្នុងមួយថ្ងៃ។

ក្នុង​វ័យ ៧៥​ឆ្នាំ លោកអ៊ុំរូបនេះ បាន​រៀបរាប់ប្រាប់​កម្មវិធី Sentangsedtee ឬកម្មវិធីផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត​ថា គាត់មកពីខេត្ត Udon Thani ដើមឡើយគាត់មានអាជីពបើកយានដ្ឋានតូចៗមួយកន្លែង ប៉ុន្តែទទួលប្រាក់ចំណូលមិនបានគ្រប់គ្រាន់ ហើយនៅសម័យនោះ មនុស្សនិយមធ្វើដំណើរទៅធ្វើការនៅបរទេស ដូច្នេះ​គាត់​ទៅ​ខ្ចី​លុយ​គេ​រហូត​អាច​ធ្វើដំណើរទៅធ្វើការនៅបរទេសបានផងដែរ គឺលោកបានទៅធ្វើការនៅ​អារ៉ាប៊ីសាអូឌីត និង​ជប៉ុន។

លុះក្រោយមកទៀតលោកអ៊ុំ ក៏សន្សំ​លុយ​បាន​មួយចំនួនទើប ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ ដោយពីដំបូង លោក មិនដឹងថាត្រូវធ្វើអ្វីនោះទេ ហើយ​ដល់​ពេល​មាន​មិត្តភ័ក្តិ​បបួលទៅ​លេង​ផ្សារ​សុីម៉ុមមឿងនៅក្នុង​ក្រុង ដោយមិត្ត​ម្នាក់​នោះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ទទួល​បន្លែ​ទៅលក់។ ដូច្នេះមិត្តម្នាក់នោះក៏បានហៅឱ្យខ្លួនមក សាកល្បងលក់ទៅ បន្ទាប់​ពី​បាន​សាក​ល្បងលក់​រួច លោកឃើញ​ថា អាចរក​ចំណូល​បាន​ល្អគួរសម ទើប​គាត់​ងាក​មក​ចាប់​អាជីព​នេះ​យ៉ាងពេញដៃពេញជើងតែម្តង។

គួរបញ្ជាក់អោយដឹងផងដែរថា បុរសវ័យចំណាស់រូបនេះចាប់ផ្តើមដឹកបន្លែទៅអោយអតិថិជននៅតូបលក់បន្លែនៅផ្សារ Khlong Toei ក្រោយ​មក​ក៏មាន​ឱកាស​បើកលក់បន្លែនៅ​ផ្សារ​ Khlong Toei។ លោកបានបន្តទៀតថា «ចាប់តាំងពីឱកាសបានមកដល់ដៃខ្ញុំ ខ្ញុំមិនបង្អង់យូរទេ» ដោយពេលនោះដែរ លោកអ៊ុំចាប់លក់បន្លែតាំងពីឆ្នាំ១៩៩៤ រហូតមកដល់ពេលនេះមានអាយុកាលជាង ២៨ ឆ្នាំហើយ។ ដោយបន្លែដែលលក់មានដូចជា ស្លឹកខ្ទឹម ស្ពៃក្តោប ស្ពៃតឿ ត្រសក់ ម្ទេស និងក្រូចឆ្មា ក៏ដូចជា បន្លែបរទេសមួយចំនួនទៀត។ លោកអ៊ុំបន្ថែមថា សម្រាប់​គន្លឹះ​ទាក់ទាញ​អតិថិជន​របស់​អាជីវករ​លក់​បន្លែ​តាម​រដូវ គឺជាការជ្រើសរើសបន្លែដែលមានគុណភាព ស្មោះត្រង់នឹងអតិថិជន និងមិនកេងចំណេញច្រើន៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee