ថៃ៖ ទឹកក្រឡុកមួយកែវ១០បាត ស្ទើររកមិនបានក្នុងសម័យសេដ្ឋកិច្ចបែបនេះ ទោះជាទឹកផ្លែឈើស្រស់ក៏មិនគួរអោយជឿឡើយ! ថ្ងៃនេះដែរ យោងតាមរយៈបទសម្ភាសន៍របស់កម្មវិធី sentangsedtee បានលើកឡើងឱ្យស្គាល់ពី ហាងលក់ទឹកក្រឡុកមួយកន្លែងដែលមានតម្លៃត្រឹមតែ ១០បាតប៉ុណ្ណោះក្នុងមួយកែវ។ ហើយនេះគឺជាហាងរបស់លោកពូម្នាក់ដែលមានឈ្មោះថា Narong Kasemsiriphen អាយុ៦៣ឆ្នាំ បានកាន់មុខរបរនេះជាង៣០ឆ្នាំមកហើយ ដោយចាប់ផ្តើមលក់តាំងពី៤បាតក្នុងមួយកែវ រហូតដល់តម្លៃបច្ចុប្បន្ន ហើយក៏មិនបានដំឡើងថ្លៃអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ លោកពូ ណារ៉ុងបានប្រាប់អោយដឹងថា មុនពេលមកលក់ទឹកផ្លែឈើក្រឡុកនេះ ពូ ណារ៉ុង ធ្លាប់ធ្វើជាអ្នកលក់ក្រណាត់នៅផ្សារសំផេង ក្រោយមកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់យកអាជីពហាងទឹកផ្លែឈើពីប្អូនស្រីរបស់គាត់ដែលឈប់លក់។
លោកពូ Narong បានរៀបរាប់បន្តថា ក្រោយពីប្អូនស្រីរបស់លោកបានបញ្ចប់ការសិក្សា ហើយមកលក់ទឹកផ្លែឈើប្រហែលជាមិនទេ ពោលគឺប្អូនស្រីលោករមែងត្រូវរកការងារល្អធ្វើ ពូឃើញហើយក៏កើតជិតស្តាយ ទើបសម្រេចចិត្តលាឈប់ពីការងារទៅលក់ជំនួសវិញ ព្រោះតែលោកពូចង់មានភាពជាឯករាជ្យ មិនចូលចិត្តធ្វើការពេញម៉ោងទេ ថែមទាំងមិនចាំបាច់ត្រូវខ្វាយខ្វល់ឬក្រែងចិត្តនិយោជកទៀតឡើយ។
មុននឹងនិយាយពីរឿងនេះកាលពីដើមប្អូនស្រីលក់បានតែ៤បាតក្នុងមួយកែវ ក៏ឡើងដល់ ៥បាត ៦បាត ៧បាត ក៏មក១០បាតដែលជាតម្លៃបច្ចុប្បន្នដែលពូបានឈរត្រង់នេះលក់រាប់ទសវត្សរ៍មកហើយ។ ចំណែកមូលហេតុដែលលក់ថោកនោះ ក៏ព្រោះតែលោកពូនឹកដល់ខ្លួនឯងកាលនៅក្មេង ដែលគ្រួសារមានជីវភាពក្រីក្រ ពេលខ្លះអត់មានបាយហូបក៏មាន ព្រោះតែលោកពូមានបងប្អូន ១១នាក់ ឪពុកត្រូវរកលុយមើលថែកូនទាំងអស់តែម្នាក់ឯង។ ហើយពូណារ៉ុងរៀនត្រឹមថ្នាក់ទី៤ ក៏សម្រេចចិត្តជាមួយបងប្អូន៣នាក់ លាឈប់ពីសាលាមកជួយឪពុក ដើម្បីអោយប្អូនៗបានសិក្សារៀនសូត្រ លោកពូបាននិយាយថា កាលគ្រានោះចង់ញ៉ាំអីក៏គ្មានលុយទិញដែរ ដូច្នេះលោកពូមិនចង់លក់ថ្លៃទេ ព្រោះសម្រាប់ក្មេងៗមួយចំនួនពិតជាគ្មានលុយសម្រាប់ទិញពិតមែន។
គួរបញ្ជាក់អោយដឹងផងដែរថា ប្រសិនបើពូណារ៉ុងលក់អស់ក្នុងមួយថ្ងៃលោកពូនឹងទទួលបានប្រាក់ជាង ៨០០បាតឬ ជាង២០ដុល្លា ដោយលោកពូបានចាត់ទុកថាប្រាប់នេះ ជាប្រាក់ចំណេញរបស់ពូរួចហើយ ព្រោះតែលោកពូមិនដែលគិតចង់បានប្រាក់ចំណេញច្រើនពេកទេ លោកពូគិតតែម្យ៉ាងទេគឺ ធ្វើបែបណាអោយតែគ្រប់គ្រាន់សម្រាប់កូនស្រីចំណាយចាយវាយនៅសាកលវិទ្យាល័យ ចំណែកលោកពូគឺមានប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តួចសន្សំដាក់ក្នុងប្រអប់រាល់ចុងខែ យកវាចេញ ហើយរាប់ ដោយចំណែកមួយសម្រាប់កូនស្រី និងចំណែកមួយទៀតគឺសម្រាប់លោកពូ។
មុននឹងបញ្ចប់ថា «ថ្ងៃខ្លះរៀបចំលាងសម្អាតរបស់របររួច ពូស្ទើរតែគ្មានកម្លាំងទៅផ្ទះវិញទេ គឺត្រូវតោងរទេះរុញរបស់ពូអោយវានាំពូទៅផ្ទះ បើសួរថា បាក់ទឹកចិត្តឬហត់វាគឺបាក់គឺហត់ ប៉ុន្តែយើងធ្វើដើម្បីកូន។ គ្រាន់តែបានឃើញមុខកូនក៏សប្បាយចិត្ត គ្រាន់តែបានឃើញមុខកូនគឺលែងហត់ហើយ លោកពូចង់ឲ្យកូនផ្ដោតតែទៅលើការសិក្សាតែម្យ៉ាងគត់ មិនចាំបាច់ចេញមកជួយពូទេ ពូឈរលក់ទំនិញតែម្នាក់ឯង ស្ទើរតែគ្មានផ្លូវសម្រាប់អោយដើរទៀតហើយ»៕






អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


