(កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅ ជាធ្យូងអនាម័យដែលអាចរកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ ខណ:ដែលបច្ចុប្បន្នធ្យូងអនាម័យកំពុងមានតម្រូវការនៅតាមហាង និងមានតម្លៃសមរម្យ។ យុវជន លី សុវណ្ណដា អាយុ ២៨ឆ្នាំជាអ្នកច្នៃអាចម៍រណារផលិតចេញជាធ្យូងអនាម័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណារយកមកធ្វើជាធ្យូងអនាម័យដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានីខេត្តផ្សេងៗ ជាង២ឆ្នាំមកហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។
លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការផលិតធ្យូងអនាម័យគឺលោកបានសិក្សាតាមអិនធើណិតផង និងមាន ការផ្ដល់មតិយោបល់ ពីមិត្ត ភក្តិក៏ដូចជាការស្វែងយល់តម្រិះវិជ្ជាខ្លះៗពីជនជាតិចិនដែលធ្លាប់បានធ្វើការជាមួយ គ្នា។លោកបានបន្ថែមថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ១០ទៅ ១៥តោនក្នុងមួយខែនិងអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារទៅ៥០០០ ដុល្លារក្នុងមួយខែ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណារមកធ្វើធ្យូងអនាម័យដោយលោកក្រឡេកឃើញពីទីផ្សារក្នុងពេលបច្ចុប្បន្នធ្យូងអនាម័យ កំពុងមានទីផ្សាល្អជាពិសេសចង់រួមចំណែកក្នុងការលុប បំបាត់ការកាប់បំផ្លាញព្រៃឈើយកមកផលិតជាធ្យូងសម្រាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ។ សូមបញ្ជាក់ថា សិប្បកម្មផលិតធ្យូងអនាម័យរបស់យុវជន លី សុវណ្ណដា ស្ថិតនៅ ភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបង្កើតនៅឆ្នាំ ២០២១ ដោយសព្វថ្ងៃមានការបញ្ជាទិញពីអតិថិជននៅខេត្តព្រះសីហនុ កោះកុង និងនៅរាជធានីភ្នំពេញ៕



ប្រភព៖ ក្រសួងព័ត៌មាន


